ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។
គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ វិស័យកាត់ដេរក្នុងរបបប្រល័យពូជសាសន៍ ដែលពេលនោះ រោងចក្រសហគ្រាសត្រូវបានបំផ្លាញ បិទចោល ដោយមិនមានការនាំចេញនោះទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះកម្មករ ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករ ក្នុងនោះមានដូចជាការតម្លើងប្រាក់ខែ ដែលបានធ្វើជាបន្តបន្ទាប់។ ការតម្លើងប្រាក់ខែនេះមិនមែនតម្លើងតាមការទាមទាររបស់បក្សប្រឆាំងទេ គឺជាការខិតខំប្រឹងប្រែងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល។
ទន្ទឹមនឹងរាជរដ្ឋាភិបាលដែលបានខិតខំគៀរគរអ្នកវិនិយោគពីក្រៅប្រទេសមកកម្ពុជា គឺបក្សប្រឆាំងហាមមិនអោយប្រទេសដទៃ ទិញផលិតផលពីកម្ពុជាទៀត ឬមកវិនិយោគនៅកម្ពុជាឡើយ ដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅ និងការងារកម្មករ។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រមទាំងការអនុគ្រោះដល់ការវិនិយោគទុន ពីបរទេស គឺចំនួនរោងចក្រត្រូវបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ប្រាក់ខែក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ ដែលនៅឆ្នាំ ២០១៨ តិចបំផុតគឺអាចឡើងដល់ ១៦៨ ដុល្លារ ក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើន។
សម្តេតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅសមាគមនិយោជក តំណាងអ្នកគ្រប់គ្រងកម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាសនានា ត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ហើយខិតខំដោះស្រាយអោយបានល្អនៅពេលមានបញ្ហាកើតមានឡើង។ ត្រូវចងចាំថានិយោជិត និងនិយោជក គឺជាដៃគូជីវិតនឹងគ្នា មិនអាចបាត់បង់មួយណាឡើយ។
ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករអោយបានប្រសើរឡើង សម្តេចតេជោ ហ៊ុន សែន បានប្រកាសអោយសាលារាជធានីភ្នំពេញ ផ្តល់សេវារថយន្តក្រុងសាធារណៈដឹកបងប្អូន កម្មករ កម្មការិនី ដោយឥតគិតថ្លៃ(Free) មានរយៈពេល ២ ឆ្នាំ (ខែសីហា ឆ្នាំ ២០១៧ ដល់ ខែសីហា ឆ្នាំ ២០១៩)។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអោយមន្រ្តីអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យ ក្នុងការតបណ្តាញទឹក និងភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានលើកយកចិត្តទុកដាក់ ចំពោះស្ត្រីជាកម្មការិនីមានផ្ទៃពោះដោយបានផ្តល់ប្រាក់បន្ថែម ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពរបស់កម្មករ ដែលកន្លងមកត្រូវបង់ថ្លៃពាក់កណ្តាល (៥០%) ដោយនិយោជក និងនិយោជិត។ ប៉ុន្តែចាប់ពីខែ មករា ឆ្នាំ ២០១៨ ទៅបងប្អូននិយោជិត(កម្មករ) មិនចាំបាច់បង់តទៅទៀតទេ គឺនិយោជក (ក្រុមហ៊ុន) ទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ (១០០%) ដូច្នេះកម្មករយើងអាចនៅសល់ប្រាក់រវាងពី ៨០០០ ទៅ ១២០០០ រៀលក្នុងមួយខែ។ ជាមួយគ្នានោះក្រសួងសុខាភិបាល ត្រូវរៀបចំអោយមានមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ ដើម្បីងាយស្រួលក្នុងការផ្តល់សេវាកម្មថែរក្សាសុខភាព ដល់បងប្អូនកម្មករ កម្មការិនី រួមទាំងរៀបចំអោយមានឡានពេទ្យប្រចាំការ ដើម្បីត្រៀមដឹកកម្មករនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។
ចំពោះរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅកម្មករនិយោជិតទាំងអស់ នឹងទទួលប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត) មានន័យថាពេលនៅមានកម្លាំងធ្វើការ ក៏ទទួលប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើតក៏មានប្រាក់រឺត្រែត ដូចជាមន្ត្រីរាជការដែរ។ គឺមិនចាំបាច់មានក្របខណ្ឌការងាររដ្ឋឡើយ។ ប៉ុន្តែត្រូវខិតខំធ្វើការអោយបានល្អ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា កម្ពុជាបានដូរពីប្រទេសប្រល័យពូជសាសន៍មកប្រទេស មានសុខសន្តិភាពពេញលេញ ដូរពីប្រទេសក្រ ១០០% ក្លាយមកជាប្រទេសដែលមាអត្រាក្រីក្រតែ ១៣,៥% ដូរពីកម្មករដែលមានប្រាក់ខែត្រឹមតែ ៥០ ដុល្លារ មកប្រាក់ខែជាង ១៦៨ ដុល្លារ (បូកអត្ថប្រយោជន៍ផ្សេងៗទៀត) គឺបានធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរទៅមុខជាលំដាប់។ ច្បាស់ណាស់ គឺមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានដូរនូវអ្វីៗគ្រប់យ៉ាងអោយបានល្អប្រសើរសម្រាប់កម្ពុជា។ ដើម្បីសម្រួលដល់ក្មួយៗកម្មករ អាចចុះឈ្មោះបោះឆ្នោតបាន គឺក្មួយៗអាចទៅចុះឈ្មោះនៅទីតាំងជិតកន្លែងធ្វើការរបស់ក្មួយៗផ្ទាល់តែម្តងដោយមិនចាំបាច់ធ្វើដំណើរទៅខេត្ត ដែលត្រូវចំណាយពេលវេលាច្រើនប៉ះពាល់ដល់ការងារ។ ការចុះឈ្មោះបោះឆ្នោតគឺចាប់ផ្តើមធ្វើនៅថ្ងៃ ១ កញ្ញា ឆ្នាំ ២០១៧ នេះ។ សូមក្មួយៗកម្មករ កម្មការិនី ទៅចុះឈ្មោះអោយបានគ្រប់ៗគ្នា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មការិនី និយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែលបង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូន កូនក្មួយ ជាកម្មករ កម្មការិនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង៕