សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី
ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» នាថ្ងៃ នេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី ទាំងអស់គ្នានៅក្នុងកម្មវិធីថ្ងៃនេះ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី ជំ នាញដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបាន ខិតខំធ្វើការយ៉ាងស្វិតស្វាញ ដើម្បីតាក់តែងឯកសារក្របខ័ណ្ឌគោលនយោបាយដ៏មានសារៈសំខាន់នេះ ឡើង សំដៅធ្វើសមាហរណកម្ម និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គម នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយ សង្គតិភាព និងប្រសិទ្ធភាពស្របតាមការកំណត់នៃ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣» របស់ រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់វិភាគទាន និងការគាំទ្រយ៉ាងសកម្មនៅក្នុង ដំណើរការរៀបចំឯកសារនេះ។
កម្មវិធីដ៏មហោឡារឹកថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋកម្ពុជាគ្រប់រូប នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស និងប្រកបដោយជវភាព នៃស្ថានភាពសេដ្ឋកិច្ចជាតិ និងស្ថានភាពប្រជាសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក និងសម្រាប់រយៈពេល ២-៣ ទសវត្សរ៍ទៅមុខទៀត ។ ក្នុងន័យនេះ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» គឺជាផែនទីមគ្គុទ្ទេសក៍ រយៈពេលវែងសម្រាប់ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តាមរយៈការកំណត់ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូលកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនព្រមទាំងលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ។
ជាការពិត ដោយសារគុណូបការៈនៃ «នយោបាយឈ្នះ-ឈ្នះ» ដែលជាឱសថទិព្វជួយព្យាបាលឱ្យកម្ពុជាបានជាសះទាំងស្រុងពីជំងឺ នៃសង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលរាប់សិបឆ្នាំ កម្ពុជាទទួលបានយ៉ាងពេញលេញនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លើមូលដ្ឋាននេះ ក្នុងអំឡុងពេលប្រមាណ ២ ទស្សវត្សរ៍កន្លងទៅ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនក្នុងអត្រាជាមធ្យម ប្រមាណ ៧,៧%។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពីប្រមាណ ៥៣% នៅឆ្នាំ ២០០៤ មកប្រមាណ ១៣,៥% នៅឆ្នាំ ២០១៤។ លើសពីនេះ ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចក៏ត្រូវបានបែងចែកក្នុងលក្ខណៈកាន់តែមានសមធម៌ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃមេគុណវិសមភាពនៃការប្រើប្រាស់ ពី ០,៤១ នៅឆ្នាំ ២០០៧ មកនៅត្រឹម ០,២៩ នៅឆ្នាំ ២០១២ ជាមួយនឹងការរំពឹងថា តួលេខនេះនឹងបន្តថយចុះថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។
សមិទ្ធផលទាំងនេះ គឺជាការពិត ដែលមិនឤចបដិសេធបាន និងជាមោទនភាពដ៏ខ្ពង់ខ្ពស់នៃការខិតខំផ្ទាល់របស់ប្រជាជនកម្ពុជាទាំងអស់គ្នានៅក្នុងការស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់នៅឆ្នាំ ១៩៧៩ ក្រោយពីប្រទេសត្រូវបានរំដោះពីក្រញាំដៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសម្លឹងឆ្ពោះទៅមុខ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយឋានៈរបស់កម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
[ចាប់ផ្តើមអត្ថាធិប្បាយ]
(ការដាច់ចរន្តអគ្គិសនី)នេះវាដាស់តឿនយើងថា ត្រូវកសាងអគ្គិសនី ហើយការផ្គត់ផ្គង់អគ្គិសនីកាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាព។ វាដាស់តឿនយើងនៅកន្លែងហ្នឹងតែម្តងថា លោក ហ៊ុន សែន និងអ្នកដទៃទៀត កុំនៅតែកន្លែងដែលមានភ្លើងល្អ …។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
ច្បាស់ណាស់ថា នៅក្នុងដំណើរនៃការអភិវឌ្ឍឈានឡើងនេះ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏ចាំបាច់មិនឤចខ្វះបាន ដើម្បីធានាបាននូវ «កំណើនសេដ្ឋកិច្ចប្រកបដោយ សមធម៌ និង បរិយាប័ន្ន»។ ឤស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតទៅលើ «ការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចិរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ ក៏ដូចជារួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងខាងមុខ»។
កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញអនុវត្ត គោលនយោបាយ និងបានដាក់ឱ្យដំណើរការនូវគម្រោងក្នុងវិស័យសង្គមកិច្ចជាច្រើន ដែលតាមរយៈនេះប្រជាជនកម្ពុជា ជាពិសេស ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ទទួលបាននូវការគាំពារ ក្រោមរូបភាពផ្សេងៗ ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំញ្រ មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិតបឋមដល់កម្រិតឧត្តមសិក្សាដោយឥតបង់ថ្លៃជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិអតីតយុទ្ធជន និងមូលនិធិជនពិការ ដើម្បីផ្តល់ការធានាសន្តិសុខប្រាក់ចំណូលសម្រាប់ប្រជាជន តាមមុខសញ្ញាពាក់ព័ន្ធនានា មានជាឤទិ៍ ការផ្តល់តាវកាលិកសោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាព និងតាវកាលិកផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងសមិទ្ធផលខាងលើរាជរដ្ឋាភិបាល ក៏ទទួលស្គាល់អំពីបញ្ហាប្រឈម និងភាពខ្វះចន្លោះមួយចំនួននៅក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធគាំញរសង្គមនៅកម្ពុជា ពិសេសគឺភាពនៅចង្អៀតមិនទាន់គ្រប់ជ្រុងជ្រោយ ក៏ដូចជាភាពរាយប៉ាយ ដាច់ដោយដុំដោយដុំ រវាងសមាសភាគផ្សេងៗដែលត្រូវបានបង្កើតរួចហើយ និងភាពខ្វះខាតនូវឧបករណ៍ហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ព្រមទាំងសមត្ថភាពស្ថាប័ននៅមានកម្រិត ដែលទាមទារឱ្យមានដំណោះស្រាយ និងការកែទម្រង់សំដៅធានាដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យមានលក្ខណៈពេញលេញស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ហើយឤចឆ្លើយបាន ប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍកម្ពុជាក្នុងរយៈពេលវែងទៅមុខ។
លើមូលដ្ឋាននេះ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ត្រូវបានរៀបចំឡើងជាមួយនឹងគោលដៅចម្បងនៃការបន្ស៊ីប្រមូលផ្តុំ និងពង្រឹងរបប ឬកម្មវិធី ដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពព្រមទាំងពង្រីកវិសាលភាពដែលនៅតូចចង្អៀតនៅឡើយឱ្យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ក្របខ័ណ្ឌគោលនយោបាយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាគាំពារសង្គមសម្រាប់មន្ត្រីសាធារណៈ កម្មករនិយោជិតនៃវិស័យឯកជន និងប្រជាពលរដ្ឋនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីសម្រេចបាននូវស្ថានភាពល្អប្រសើរ ក្នុងការផ្តល់សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជាស្របតាម ចក្ខុវិស័យថ្មី នៃប្រព័ន្ធគាំពារសង្គមនេះ រាជរដ្ឋាភិបាលនឹងខិតខំបង្កើតកម្មវិធី និងយន្តការនានាជាជំហានៗថែមទៀត ដើម្បីឈានជាបណ្តើរៗទៅរកការគ្របដណ្តប់ដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយដោយផ្តោតជាពិសេសលើការគាំពារចំពោះប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះព្រមទាំងលើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងគោលដៅធានាប្រសិទ្ធភាព និងចិរភាពនៃប្រព័ន្ធគាំពារសង្គមទៅអនាគត។
«ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥ » ផ្តោតសំខាន់លើមុំសំខាន់ៗ ចំនួន ៤ គឺ៖
មុំទី១-អភិបាលកិច្ច៖ រាជរដ្ឋាភិបាលនឹងរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធគាំពារសង្គមទាំងមូលសំដៅជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់។ រចនាសម្ព័ន្ធអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមថ្មីនឹងត្រូវបែងចែក ជា ៣ កម្រិតគឺ៖
១. កម្រិតគោលនយោបាយ៖ រាជរដ្ឋាភិបាលបានបង្កើត«ក្រុមប្រឹក្សាជាតិគាំពារសង្គម» ដែលដើរតួជាច្រកចេញ-ចូលតែមួយ សម្រាប់ការរៀបចំ និងសម្របសម្រួលគ្រប់គោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងជាយន្តការសម្រាប់ការតាមដាន និងត្រួតពិនិត្យលើដំណើរការប្រតិបត្តិរបស់របប ឬ កម្មវិធីនីមួយៗ ដើម្បីធានានូវវឌ្ឍនភាព និងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
២. កម្រិតបញ្ញត្តិករ៖ រាជរដ្ឋាភិបាលនឹងបង្កើតស្ថាប័នបញ្ញត្តិករសន្តិសុខសង្គមមួយ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យរាល់ប្រតិបត្តិការសន្តិសុខសង្គម សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ ក្នុងកម្រិតនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាធានាបាននូវតម្លាភាព និងគណនេយ្យភាព ក្នុងកម្រិតនៃកិច្ចប្រតិបត្តិការ។
៣. កម្រិតប្រតិបត្តិករ៖ នៅក្នុងរយៈពេលមធ្យមខាងមុខ រាជរដ្ឋាភិបាលនឹងធ្វើសមាហរណកម្មស្ថាប័នប្រតិបត្តិករសន្តិសុខសង្គមដែលមានស្រាប់ រួមមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងមូលនិធិជនពិការ (ម.ជ.ព) ឱ្យទៅជាស្ថាប័នតែមួយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងចំណាយថវិកា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏នឹងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតប្រតិបត្តិករជំនួយសង្គមផងដែរ។
មុំទី២-ប្រព័ន្ធជំនួយសង្គម៖ រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គមក្នុងគោលដៅផ្តល់ការគាំពារកាន់តែប្រសើរឡើងជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមចាំបាច់នានា រួមទាំង កម្មវិធីជាកញ្ចប់គ្រួសារ ដែលនឹងផ្តល់ការគាំពារសម្រាប់ពលរដ្ឋចាស់ជរា ជនពិការ ស្ត្រីមាន ផ្ទៃពោះ និងកុមារ ព្រមទាំងកម្មវិធីផ្តល់ឤហារូបករណ៍សម្រាប់គាំទ្រការសិក្សារបស់កុមារផងដែរ។
[ផ្តើមសេចក្តីអត្ថាធិប្បាយ]
ចំណុចដែលងាយស្រួលអនុវត្តមុន គឺស្រ្តីមានផ្ទៃពោះ
ខ្ញុំសុំទាក់ទាញការយកចិត្តទុកដាក់នៅទីនេះបន្តិច។ ចំណុចដែលងាយស្រួលធ្វើមុនគេ ហើយងាយស្រង់ស្ថិតិ ប្រហែលជាទាក់ទិនជាមួយនឹងបញ្ហាស្រ្តីមានផ្ទៃពោះនេះឯង។ … សម្រាប់ស្រ្តីមានផ្ទៃពោះ ពួកគេត្រូវការខ្លាំងណាស់ចំណុចនេះ។ ដូច្នេះ ខ្ញុំគិតថា យើងអាចនឹងចាប់ច្បិចយកចំណុចនេះមកចេញដំណើរមុន ដើម្បីឲ្យកម្មវិធីនេះក្លាយទៅជាការអនុវត្តជាក់ស្តែងតែម្តង ដើម្បីយើងវិនិយោគ និងគាំពារសម្រាប់ស្តីមានផ្ទៃពោះ។ វានឹងផ្តល់នូវសារសំខាន់ជាការកាត់បន្ថយអត្រាស្លាប់របស់កុមារបានមួយផ្នែក ហើយនិងរបស់មាតាបានមួយផ្នែកផងដែរ។ ខ្ញុំថាចំណុចនេះ គ្មានអ្នកណាបន្លំបានទៅទៀត ព្រោះឥឡូវ ឧទាហរណ៍ថា បើយើងកំណត់ ក្រទី ១ ក្រទី ២ អីនេះ ហើយចំនួនអាយុក៏ចោទចេញជាបញ្ហា … (ឯការមានផ្ទៃពោះ) មិនងាយមានអ្នកណាទៅក្លែងថាមានផ្ទៃពោះទៅកើតទេ។ ត្រូវរក្សាគភ៌ ៩ ខែ ឯណោះ។ ទោះបីយើងមិនអាចដឹងបានភ្លាមថា តើស្រ្តីនោះគឺគាត់មានផ្ទៃពោះចាប់ពីពេលណាមក ប៉ុន្តែ និយាយរួមគឺ ៩ ខែ ១០ ថ្ងៃគឺចប់។ … ជាចំណុចដែលងាយក្នុងការធ្វើជាង។ ឧទាហរណ៍ថា ស្រ្តីមានផ្ទៃពោះមួយរូបទទួលបានប៉ុន្មានក្នុងមួយខែ? ហើយយើងត្រូវចិញ្ចឹម ត្រូវជួយក្នុងរយៈពេលប៉ុន្មាន ក្នុងរយៈពេលដែលគាត់មានផ្ទៃពោះ និងក្រោយឆ្លងទន្លេត្រូវប៉ុន្មាន។ … ទូទាំងប្រទេសរបស់យើង ម៉ោងហ្នឹងពេលហ្នឹងតើមានប៉ុន្មានទៅ?
អ្នកទាំងនោះហើយជាគោលដៅដែលយើងផ្តល់ ប៉ុន្តែ ក៏ត្រូវមានបញ្ហាជជែកដទៃទៀត ដែលជាមួយនឹងក្រសួងសុខាភិបាល។ ឧទាហរណ៍ថា សុខៗ គាត់មានផ្ទៃពោះ ប៉ុន្តែ បែរជាធ្លាក់កូនត្រឡប់ទៅវិញ អាហ្នឹង តើយើងត្រូវដោះស្រាយជាមួយពួកគាត់យ៉ាងម៉េច ក្នុងការឧបត្ថម្ភទៅលើការព្យាបាល។ នេះជាការធានាមួយ។ លោកជំទាវខាងក្រសួងកិច្ចការនារីនៅទីនេះស្រាប់។ បញ្ហាស្ត្រី បញ្ហាទារក និងកុមារ គឺជាគោលដៅដែលយើងដាក់ចេញ និងឈានឆ្ពោះ ទៅរកការអនុវត្ត។ យើងមិនមែនគ្រាន់តែនិយាយឲ្យពិរោះទេ ក៏ប៉ុន្តែត្រូវចេញដំណើរ អាចថាក្នុងឆ្នាំ ២០១៨ នេះ យើងអាចអនុវត្តបាន ដោយបញ្ចូលកញ្ចប់ថវិកា ទៅក្នុងកិច្ចការនេះតែម្តង។ ខ្ញុំថារឿងវាមានច្រើន ក៏ប៉ុន្តែ យើងច្បិចចេញដំណើរទៅមុន ហើយអត់មានអ្នកណាបន្លំបានទេ។ ដូចជា អាយុ ៧០ ហើយ មកធ្វើមានផ្ទៃពោះយ៉ាងម៉េច … រួចសុខៗ អត់មានប្តី មេម៉ាយសោះ មានកូនយ៉ាងម៉េច។ អាហ្នឹងគ្រាន់តែជារឿងមួយ ដែលខ្ញុំទាក់ទាញការយកចិត្តទុកដាក់អំពីដំណើរការ។ មានរឿងដទៃទៀត ដែលយើងបន្តធ្វើ …។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
មុំទី៣-ប្រព័ន្ធសន្តិសុខសង្គម៖ រាជរដ្ឋាភិបាលនឹងផ្តោតជាសំខាន់លើការពង្រីកវិសាលភាពលើរបប ដែលមានស្រាប់ឱ្យបានកាន់តែទូលំទូលាយ និងដាក់ឱ្យដំណើរការនូវរបបថ្មីៗថែមទៀត ដើម្បីផ្តល់នូវការគាំពារជាអតិបរមាជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺការធានាឱ្យ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការគាំពារចម្បងពីរយ៉ាងគឺ៖ (១)-ទទួលបានប្រាក់សោធននៅពេលឈានចូលវ័យចាស់ជរា និង (២)-ទទួលបានការធានារ៉ាប់រងសុខភាពនៅពេលមានជម្ងឺ»។
មុំទី៤-បញ្ហាឆ្លងវិស័យ៖ រាជរដ្ឋាភិបាលក៏នឹងបន្តការយកចិត្តទុកដាក់ផងដែរ ចំពោះការអភិវឌ្ឍនៃវិស័យពាក់ព័ន្ធផ្សេងៗ ដើម្បីធានាដល់ភាពរលូន និងប្រសិទ្ធភាពនៃដំណើរការកែទម្រង់ ឬការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូលក្នុងនោះរួមមាន ការវិនិយោគមូលនិធិ ការចុះបញ្ជីប្រជាពលរដ្ឋដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម ការកំណត់គោលនយោបាយពន្ធដារច្បាស់លាស់ និងការអប់រំប្រជាពលរដ្ឋឱ្យបានយល់ច្បាស់អំពី អត្ថប្រយោជន៍ និងសិទ្ធិក្នុងការទទួលបានការគាំពារសង្គមជាដើម។
ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ ការកែទម្រង់ប្រព័ន្ធគាំពារសង្គម ដូចបានដាក់ចេញនៅក្នុងឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» រាជរដ្ឋាភិបាលនឹងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះចំនួន ៤ ដូចខាងក្រោម ៖
១. គោលការណ៍សមធម៌ និងសាមគ្គីធម៌សង្គម៖ សមធម៌ និងសាមគ្គីធម៌សង្គមគឺជាគោលការណ៍ចម្បងសម្រាប់ការអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំជាជំហានៗ នូវរបបសន្តិសុខសង្គមដែលមានលក្ខណៈទូលំទូលាយ និងមានលក្ខខណ្ឌសាមញ្ញ ដែលឤចឱ្យប្រជាពលរដ្ឋមកពីគ្រប់វិស័យ ទាំងវិស័យសាធារណៈ វិស័យឯកជន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឤចចូលរួមជាមួយគ្នា និងទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។
[ផ្តើមសេចក្តីអត្ថាធិប្បាយ]
សូមឲ្យមានការយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ
… យើងគួរចាប់អារម្មណ៍នៅទីនេះ។ ខ្ញុំមិនដឹងថាតើឯកឧត្តម លោកជំទាវ ដែលចូលរួមនៅទីនេះ មានការចាប់អារម្មណ៍យ៉ាងណានោះទេ។ ចំណុចនេះ គឺយើងបានគិតទៅដល់ការលើកឡើងនូវបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកន្លងទៅបានស្នើសុំឲ្យមានការយកចិត្តទុកដាក់ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ដូច្នេះ គោលនយោបាយគាំពារសង្គមរបស់យើងនៅថ្ងៃនេះ ក៏បានរាប់បញ្ចូលនូវសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកក្នុងទីនេះដែរ។ នេះជាការយកចិត្តទុកដាក់ ស្តាប់សម្លេងសង្គមទាំងមូល ដែលបានលើកឡើង ក្នុងនោះរាប់បញ្ចូលទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកក្នុងការរៀបចំតាក់តាំងគោលនយោបាយរបស់យើងផង។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
២. គោលការណ៍អភិបាលកិច្ចល្អ៖ រាល់ដំណើរការរៀបចំគោលនយោបាយគាំពារសង្គមនីមួយៗ ត្រូវមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ដើម្បីធានាភាពឤចទទួលយកបានពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល តំណាង និយោជក និងនិយោជិត ព្រមទាំងតំណាងប្រជាពលរដ្ឋទូទៅផងដែរ។ រីឯដំណើរការគ្រប់គ្រង និងចាត់ចែងរបប ឬកម្មវិធីគាំពារសង្គមទាំងអស់ក៏ត្រូវស្ថិតនៅក្រោមការតាមដាន គ្រប់គ្រង និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ និងតឹងរឹងពីសំណាក់ស្ថាប័នបញ្ញត្តិករផងដែរ ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន។
៣. គោលការណ៍បច្ចេកទេស៖ រាល់ការសម្រេចចិត្តលើគោលនយោបាយគាំពារសង្គមទាំងអស់ ត្រូវធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សា ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទៅតាមស្តង់ដារ និងនិយាមអន្តរជាតិ។ ដូច្នេះរាល់ការស្នើឡើងនូវគោលនយោបាយណាមួយ ចាំបាច់ត្រូវមានការសិក្សាច្បាស់លាស់ជាមុន រួមមានដូចជាការសិក្សាសមិទ្ធលទ្ធភាព និងការសិក្សាអំពីហានិភ័យហិរញ្ញវត្ថុ ជាដើម។ ជាមួយគ្នានេះ ការរៀបចំដាក់ឱ្យដំណើរការស្ថាប័នអនុវត្តរបប ឬកម្មវិធីជំនួយសង្គម ត្រូវមានលក្ខណៈប្រមូលផ្តុំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ទាំងក្នុងផ្នែកចំណាយថវិកា ទាំងក្នុងការបំពេញការងារ និងការផ្តល់សេវាសាធារណៈ។
៤. គោលការណ៍ហិរញ្ញវត្ថុ៖ ភាពទ្រទ្រង់បាននៃថវិកា គឺជាកូនសោរគន្លឹះ ដើម្បីធានាបាននូវចីរភាពនៃសកម្មភាពគាំពារសង្គមនីមួយៗ។ ហេតុនេះ រាល់ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមទាំងអស់ តម្រូវឱ្យមានការគិតគូរហ្មត់ចត់អំពីបន្ទុកថវិកា សម្រាប់ទ្រទ្រង់គោលនយោបាយទាំងនោះ រួមបញ្ចូលនូវលទ្ធភាពថវិការបស់រដ្ឋ ព្រមទាំងបន្ទុកភាគទានរបស់និយោជក-និយោជិត និងរបស់ប្រជាពលរដ្ឋទូទៅផងដែរ។ ច្បាស់ណាស់ថា រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវគោលការណ៍ឧបត្ថម្ភធនជំនួសឱ្យប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងក្រុមប្រជាពលរដ្ឋគោលដៅមួយចំនួនផ្សេងទៀត តាមការចាំបាច់ និងតាមលទ្ធភាពនៃការទ្រទ្រង់បាននៃថវិកាជាតិ។ ទន្ទឹមនេះ ក្រុមប្រជាពលរដ្ឋផ្សេងទៀត ទាំងប្រជាពលរដ្ឋ នៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានកាតព្វកិច្ចចូលរួមបង់ភាគទាន ដើម្បីទទួលបាននូវការគាំពារសង្គម ស្របតាមរបៀបរបបនៃការអនុវត្តជាអន្តរជាតិ។
«ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥» គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បំពេញការងារទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងស្មារតីនៃភាពជាម្ចាស់របស់ក្រសួង-ស្ថាប័ននានា គួបផ្សំជាមួយការគាំទ្រពីដៃគូអភិវឌ្ឍផងនោះ ភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើការ ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅសម្រេចបានតាមចក្ខុវិស័យ ប្រកបដោយមហិច្ឆតាដូចមានចែងនៅក្នុងឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះរបស់រាជរដ្ឋាភិបាល។
ក្នុងស្មារតីនេះ ខ្ញុំសូមស្នើឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលទើបត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានចាប់ផ្តើមបំពេញការងារឱ្យបានរួសរាន់ដើម្បីពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយឤទិភាពនានា ឱ្យបានជោគជ័យ ស្របតាមគោលដៅដែលបានដាក់ចេញនៅក្នុងឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម» នេះ ជាពិសេសការងារឤទិភាព ចំពោះមុខមួយចំនួននាពេលខាងមុខ ដូចខាងក្រោម៖
១. ការជំរុញផ្តល់ការគាំពារផ្នែកសុខភាព សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះឱ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹង មូលនិធិសមធម៌ និងយន្តការគាំទ្រផ្សេងៗ។
២. ការពិចារណារៀបចំចាប់ផ្តើមដាក់ឱ្យអនុវត្តនូវកម្មវិធី ផ្តល់ការឧបត្ថម្ភជូនជនចាស់ជរានៃគ្រួសារក្រីក្រ ដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុរបស់ពួកគាត់ ដែលឤចជាកម្មវិធីដោយឡែក ឬជាកម្មវិធីឧបត្ថម្ភជាកញ្ចប់គ្រួសាររួមជាមួយកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារ ព្រមទាំងជនពិការជាដើម។
[ផ្តើមសេចក្តីអត្ថាធិប្បាយ]
ខ្ញុំគិតថាចំណុចទី ២ … ដូចដែលខ្ញុំនិយាយអម្បាញ់មិញ គោលដៅ(មានការ)គ្របដណ្តប់មានច្រើន ប៉ុន្តែ (យើងអាចចុចយក)គោលដៅស្រ្តីមានផ្ទៃពោះ(ជាមុន) ហើយនឹងអាចយកគោលដៅផ្សេងទៀត(ដូចជា)ទាក់ទិនជាមួយនឹងផ្នែកជនពិការ (ព្រោះ)អាចថា ជាគោលដៅដែលងាយរក ហើយជាគោលដៅដែលងាយក្នុងការសម្រេច។ ប៉ុន្តែ កញ្ចប់បញ្ហា(ណាក៏ដោយ)ដែលយើង(នឹង)ដាក់ចេញនេះ គឺគ្របដណ្តប់លើ(មុខសញ្ញាដែលមាន)មនុស្សជាច្រើន។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
៣. ការរៀបចំយន្តការសម្របសម្រួល តាមដាន និងវាយតម្លៃ ការអនុវត្តរបប ឬកម្មវិធីគាំពារសង្គមទាំងឡាយឱ្យមានប្រសិទ្ធភាពខ្ពស់ និង
៤. ការបន្តពង្រឹងនូវកិច្ចសហការណ៍យ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នញក់ព័ន្ធទាំងឡាយ ដើម្បីធ្វើការសិក្សា និងរៀបចំផែនការសកម្មភាពសម្រាប់គោលដៅនៃការជំរុញអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម» នេះ។
បន្ថែមលើការងារនេះ ខ្ញុំសូមស្នើជាពិសេសឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល សហការគ្នារៀបចំនូវផែនការផ្តល់ការទ្រទ្រង់ចាំបាច់ទាំងឡាយ ពិសេសផែនការផ្តល់ការគាំទ្រខាងហិរញ្ញប្បទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជានៅលើមូលដ្ឋាន នៃការរក្សាវិន័យល្អ គុណភាពសេវាខ្ពស់ និងការផ្តល់ការថែទាំជូនកុមារគ្រប់រូបដោយមិនគិតថ្លៃ។
[ផ្តើមសេចក្តីអត្ថាធិប្បាយ]
ទោះបីអត់ជំនួយពី ស្វ៊ីស ពីខាងផ្នែកដៃគូ ត្រូវតែធានាថានៅតែជាមន្ទីរពេទ្យមានសេវាជាធម្មតា
ចំណុចនេះ ចង់ឬមិនចង់យើងត្រូវតែធ្វើ។ ឥឡូវ វេជ្ជបណ្ឌិត Beat Richner មិនអាចទទួលខុសត្រូវទៅលើបញ្ហានេះបានទេ។ ពេលដែលខ្ញុំជួបជាមួយនឹង ប្រធានាធិបតីស្វ៊ីស កាលពីដើមឆ្នាំនេះ ខ្ញុំក៏បានលើកឡើងអំពីការទទួលខុសត្រូវរបស់យើង។ ដូច្នេះ រវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ត្រូវតែធានាថាមន្ទីរពេទ្យមួយនេះ បើទោះបីអត់ជំនួយពីស្វ៊ីស អត់ជំនួយពីខាងផ្នែកដៃគូ យើងនៅតែធានាថាមន្ទីរពេទ្យនេះ នៅតែធានា(បាន)នូវសេវាធម្មតាដូចពេលនេះ។ យើងមានលទ្ធភាព ក្នុងការធ្វើកិច្ចការងារនេះ ដែលជួយយ៉ាងច្រើនទៅដល់កុមារកម្ពុជា។ មិនអាចថា អត់មានវេជ្ជបណ្ឌិត Richner ធ្វើឲ្យមន្ទីរពេទ្យដួលរលំនោះទេ។ … កន្លងទៅ យើងបានថវិកាចូលមូលនិធិ ឥឡូវយើងកាន់តែពង្រីកការគ្របដណ្តប់ក្នុងករណីដែលវេជ្ជបណ្ឌិត Richner ឬក៏មូលនិធិ ត្រូវបានកាត់ផ្តាច់។ នេះគឺការគិតគូររបស់យើង។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់យើងទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ ធ្វើការរៀបចំតាក់តែងសម្រេចបាននូវឯកសារដ៏មានសារៈសំខាន់នេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះនឹងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានជាលំដាប់ នូវកម្រិតជីវភាព និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នាបានជួបប្រទះ នឹងពុទ្ធពរទាំងបួនប្រការគឺៈ ឤយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ជាផ្លូវការ ចាប់ពីពេលនេះតទៅ៕