FN ៖ នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ បក្សកុម្មុនីស្តវៀតណាម កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជាវៀតណាម។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីចំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមនៅវិមានសន្តិភាព។
កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖
១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។
២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន!
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ត្រាន់ តួនអាញ់ និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ។
៤៖ សកម្មភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក នាង ផាត។
និងទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៌ ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៌និងព័ត៌មាន ( NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៌ លោក សេង សុភាព។
សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧៕