FN ៖ «ប្រាសាទតានៃ» មានរចនាប័ទ្មដ៏ល្អឯកមិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀតនោះទេ ទោះបីជាបែបនេះក្តី បើនិយាយពីឈ្មោះ នៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់មានទីតាំងនៅក្នុងព្រៃខាងជើង ប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល៨០០ម៉ែត្រ។ «ប្រាសាទតានៃ» កសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរណ៍ប្រមាណ ពី១៥០ទៅ២០០នាក់ ដែលចូលទៅទស្សនា «ប្រាសាទតានៃ» បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅ «ប្រាសាទតានៃ» បានឲ្យដឹងទៀតថា នៅរដូវវស្សានេះមិនសូវមានភ្ញៀវមកឡើយ គឺក្នុងមួយថ្ងៃមានប្រហែល ៥០នាក់តែប៉ុណ្ណោះ។ អ្នកស្រី ស៊ត តុលា បានបន្តថា ដោយសារតែប្រាសាទស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរ ចូលទៅដល់ «ប្រាសាទតានៃ» នេះណាស់ហើយភ្ញៀវ ទាំងនោះច្រើនជាបរទេស ជនជាតិអឺរ៉ុប។ សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនា «ប្រាសាទតានៃ» ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈ ដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះភ្ញៀវទេសចរទាំងអស់ នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ម៉ែត្រតែប៉ុណ្ណោះ។
Share this post