FN ៖ រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។ សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។ ចំណែកការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១,០០៦ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ក្រុមហ៊ុន។ លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។ រីឯរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ១១៣នាក់ ក្នុងនោះស្ថាបត្យករ ៨០នាក់ និងវិស្វករចំនួន ៣៣នាក់ និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជាបានចំនួន ៣៨នាក់។
សូមជម្រាបថា រយៈពេល៦ខែ កាលពីឆ្នាំ២០១៦ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១,១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១លានម៉ែត្រការ៉េ (១០,៥១២,២៦១ម៉ែត្រការ៉េ) មានតម្លៃប៉ាន់ស្មានជិត ៤ពាន់លានដុល្លារ (៣,៨៧៩,០៥៨,៤៨២ដុល្លារអាមេរិក)៕