FN ៖ កម្ពុជា បានស្នើឲ្យបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិសំបកយានយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។
សំណើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលបានធ្វើឡើងនៅចុងខែមិថុនា កន្លងទៅនេះនៅទីក្រុងមីនស្ក សាធារណរដ្ឋបេឡារុស ដែលភាគកម្ពុជា ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈដែលភាគីបេឡារុស ដឹកនាំលោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។
ក្នុងកិច្ចប្រជុំនេះមានគោលបំណង (១)៖ បន្តតាមដានវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខានាអំឡុងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារ ណរដ្ឋបេឡារុសកាលពីឆ្នាំ២០១៤កន្លងទៅ និង (២)៖ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងបណ្តាវិស័យអាទិភាពផ្សេងៗទៀត ឲ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ។
យោងតាមក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានលើកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង ដែលសម្រេចបានកន្លងមក ជាពិសេសកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-បេឡារុសដែលជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ច ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ២០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ ក្នុងនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពបំពេញគ្នាទៅវិញទៅមកលើវិស័យកសិកម្ម និងឧស្សាហកម្ម ដោយយល់ឃើញថាប្រទេសទាំងពីរជាប្រទេសកសិកម្ម ផលិត និងនាំចូលកសិផល ឧបករណ៍ និងគ្រឿងចក្រកសិកម្មផ្សេងៗ។
ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យភាគីបេឡារុសជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើតរោងចក្រតំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្តដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់ ហើយក៏បានជម្រាបអំពីសក្តានុពលផលិតផលកសិកម្ម ពិសេសជ័រកៅស៊ូធម្មជាតិរបស់កម្ពុជាផងដែរ។
ដោយបេឡារុសជាប្រទេសមានភាពរីកចម្រើនខ្លាំងក្នុងវិស័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ ភាគីបេឡារុស បានសន្យាគាំទ្រដល់ការអភិវឌ្ឍ និងផ្ទេរចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងបចេ្ចកទេសទំនើបដល់ភាគីកម្ពុជាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការដោយផ្ទាល់លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្រៅពីវិស័យសំខាន់ៗខាងលើ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកវិស័យផ្សេងទៀតដូចជា៖ ហិរញ្ញវត្ថុ និងធនាគារ ថាមពល ស្តង់ដារ និងមាត្រសាស្រ្ត ទេសចរណ៍ និងវប្បធម៌ផងដែរ៕