FN ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសម្បូរព្រៃគុក» ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នាពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ទីក្រុង Krokow ប្រទេសប៉ូឡូញ។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា «សម្បូរព្រៃគុក គឺជាតំបន់ប្រាសាទទី៣ហើយ របស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលនាម ជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គវត្ត និងប្រាសាទព្រះវិហារ»។
បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានភ្ជាប់ជាមួយនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីដំណើរទស្សនកិច្ច របស់លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នៅតំបន់ប្រាសាទសម្បូរព្រៃគុក កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះផងដែរ៕