FN ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបឆ្នាំទី៩ ដែលប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសេចក្ដីអំណរសាទរយ៉ាងក្រៃលែង ដែលប្រាសាទព្រះវិហារ បានក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
តើប្រាសាទព្រះវិហារមានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាជាទូទៅប្រទេសនីមួយៗដែលមានសម្បត្ដិវប្បធម៌ និងមានបំណងស្នើសុំចុះឈ្មោះរមណីដ្ឋានវប្បធម៌ ណាមួយរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺត្រូវគោរពតាមគោលការណ៍ និងបំពេញនូវលក្ខណៈវិនិច្ឆ័យណាមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទំាងនេះ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានជាអាទិ៍៖
១៖ តំណាងឲ្យស្នាដៃឯក មានតម្លៃលេចធ្លោជាសាកល នៃទេពកោសល្យច្នៃប្រឌិតរបស់មនុស្សជាតិ។
២៖ ជៈឥទ្ធិពលខ្លាំងក្លា លើការរីកចំរើននៃស្ថាបត្យកម្មប្រាសាទ សិល្បៈ ព្រមទំាងការរៀបចំទឹកដីក្នុងរយៈពេលមួយ និងក្នុងតំបន់ពិសេសមួយ។ និង
៣៖ ជាសក្ខីភាពដាច់ដោយទ្បែកពីគេ នៃអារ្យធម៌ពីអតីតកាល ជាដើម។
ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យខាងលើនេះ ចំពោះប្រាសាទព្រះវិហារ ដែលត្រូវបានអង្គប្រជុំ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ ប្រកាសជាផ្លូវការបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដានោះ គឺប្រាសាទព្រះវិហារបានគោរពតាមលក្ខណៈវិនិច្ឆ័យជា«ស្នាដៃឯក» មានតម្លៃលេចធ្លោជាសាកល។
ទន្ទឹមនិងនេះ ប្រាសាទព្រះវិហាក៏នៅមានគុណតម្លៃបីយ៉ាងទៀតផងដែរ ជាអាទិ៍៖
ទីមួយ៖ ប្រាសាទព្រះវិហារបង្ហាញ «ទ្វិកភាព» មានន័យថា ទីខ្ពស់ធៀបនិងវាលរាប, ទីខ្ពស់ធៀបនិងផ្ទៃទឹកសមុទ្រ និងចម្រាក់ភ្នំ ជានិមិត្ដរូប «មេនិងបា»។
ទីពីរ៖ ប្រាសាទព្រះវិហារមានតម្លៃខាងស្ថាបត្យកម្ម។ និងទីបី៖ ប្រាសាទព្រះវិហារមានតម្លៃខាងសោភណ្ឌ តុបតែងលម្អ និងបរិស្ថានធម្មជាតិ។
បើឈរលើប្រវត្ដិសាស្រ្ដ លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថាប្រាសាទព្រះវិហារ ជាស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាងទ្បើងចាប់ពីស.វ.ទី៩ ដល់ទី១២ នៃគ.ស. មានរយៈពេលប្រមាណ៣០០ឆ្នាំ។ នេះបានន័យថា ក្នុងការកសាងមានច្រើនដំណាក់កាលនិងរចនាបទ ក្នុងនោះ មានព្រះរាជាជាស្ថាបនិកសំខាន់ៗបីព្រះអង្គគឺ៖១៖ ព្រះបាទយសោវរ្ម័នទី១, ២៖ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។ដោយហេតុនេះ បើផ្អែកតាមប្រវត្ដិស្ដីពីការកសាង និងការបរិច្ឆេទទំាងនេះ គឺមានរយៈពេលមុនការកកើតរដ្ឋសៀមប្រមាណ៥០០ឆ្នាំ ឯណោះ។
ក្នុងការកសាងនេះទៀតសោត បើតាមសិលាចារឹក និងចម្លាក់នានា បានបង្ហាញថាប្រាសាទព្រះវិហារបានសាងទ្បើង ដើម្បីឧទ្ទិសដល់ព្រះអទិទេពព្រះសិវៈ ខ្មែរនិយមហៅថា «ព្រះឥសូរ»។ព្រះអទិទេពនេះ មានឈ្មោះជាភាសាសំស្រ្ដឹតថា«ស្រីសិខរីស្វរៈ ឬស្រីសិខរេស្វរៈ» បានសេចក្ដីថាព្រះអទិទេព នៃកំពូលភ្នំព្រះវិហារនេះឯង។ ដោយហេតុនេះហើយ ទើបបានជា ព្រះរាជាខ្មែរក្នុងសម័យអង្គរតែងប្រារព្វជំនឿសាសនា លើទីតំាងប្រាសាទព្រះវិហារនេះជារៀងដរាប។ ក្នុងបច្ចុប្បន្ននេះផងដែរ មាន«វត្ដកែវសិក្ខាគិរីស្វរៈ»ដែលបានសាងទ្បើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីគោរពបូជាព្រះពុទ្ធសាសនា។
ជាទីបញ្ចប់លោក បានថ្លែងថា ក្នុងសម័យទំនើបយើងនេះ គឺមានបុព្វការីជនដែលបានតស៊ូ ការពារប្រាសាទព្រះវិហារ ឲ្យរួចផុតពីការយារយី ពីការឈ្លានពានបរទេស៖
ទីមួយ៖ សម្ដេចឪ (ព្រះបរមរតោនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គឺព្រះអង្គបានទាមទារតាមផ្លូវតុលាការយុត្ដិធម៌អន្ដរជាតិ ទីក្រុងទ្បាអេឆ្នាំ១៩៦២។ និង
ទីពីរ៖ សម្ដេច វិបុលបញ្ញា សុខ អាន ដោយស្ថិតក្រោមការចង្អុលបង្ហាញ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្ដេច វិបុលបញ្ញា បានជម្នះរាល់គ្រប់ឧបសគ្គទំាងអស់ ដោយឥតរុញរាទំាងថ្ងៃទំាងយប់ មិនគិតពីការនឿយហត់ បើទោះបីជាមានការប្រឆំាងជំទាស់ពីរដ្ឋភាគីថៃយ៉ាងណាក្ដី រហូតសម្រេចបានប្រាសាទព្រះវិហារ ក្លាយជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ ។
បើដូច្នេះ យើងជាកុលបុត្រខ្មែរត្រូវចងចំា ដឹងគុណ និងរៀនសូត្រតាមគំរូវីរភាពដ៏ថ្លៃថ្លានេះ ដើម្បីទុកជាគំរូឲ្យកូនចៅយើងជំនាន់ក្រោយៗបន្ដទៀត ដូចដូនតាយើងខំចារជាបណ្ដំាសិលាចារឹកថា«បើសិនមនុស្សទំាងទ្បាយណាថៃរក្សាប្រាសាទ ព្រះបដិមា និងទ្រព្យសម្បត្ដិប្រាសាទ និងទទួលបានសេចក្ដីសុខ ចម្រុងចម្រើន នៅឋានសួគ៌ ក៏ប៉ុន្ដែបើជនទំាងទ្បាយណាបំផ្លាញស្នាដៃនេះ នឹងត្រូវធ្លាក់ទៅក្នុងសេចក្ដីវិនាស អន្ដរាយ ចុះនរក នឹងត្រូវរន្ទះបាញ់»៕