FN ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយផ្នែករដ្ឋបាលស៊ីវិល បានចេញសេចក្តីជូនដំណឹងដល់ អភិបាលរាជធានី-ខេត្ត ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនស្របតាមគោលការណ៍ និងពេលវេលាកំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលរាជធានី-ខេត្ត ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
យោងតាមលិខិតជូនដំណឹងនេះ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ នឹងការប្រឆាំងអំពើពុករលួយ បានតម្រូវឲ្យសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាមន្រ្តីសាធារណៈ មានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមគោលការណ៍ និងពេលវេលាកំណត់។
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានមូលដ្ឋាន និងមានភាពងាយស្រួលក្នុងការអនុវត្តការប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របពេលតាមការកំណត់ក្នុងមាត្រា១៧ និង១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕