FN ៖ ក្រុមហ៊ុនវិនិយោគរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមន្ទីរពេទ្យនេះអាចព្យាបាលជំងឺមហារីកដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ។
បំណងវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វ៉ាង ជីនហ្វឹង (Wang Jinfeng) អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន នៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ។ កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់ទៅលើការងារពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងបង្ហាញយ៉ាងសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសវិនិយោគមកពីប្រទេសមិត្តចិន ដោយស្វាគមន៍រាល់ការចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោក វ៉ាង ជីនហ្វឹង បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលតែងតែទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិន ក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់ទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។
លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុន ក៏នឹងសហការជាមួយក្រុមហ៊ុនសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរទៀតផង។
លោករដ្ឋមន្ត្រី បានស្វាគមន៍ និងត្រៀមជួយដល់ការមកធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសផ្នែកសុខាភិបាល ដែលនឹងជួយដល់ប្រជាជនកម្ពុជាទាំងមូល៕