FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការសើរើសន្លឹកឆ្នោតចំនួន ៦៤បណ្ដឹង ហើយបានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលរងចាំតែពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ត្រឹមថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ ក្នុងនោះមានបណ្ដឹងចំនួន ៦៤បណ្ដឹង បានឡើងមកដល់ថ្នាក់ជាតិរបស់ គ.ជ.ប មានទាំងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងព្រណ្មទណ្ឌជាដើម ហើយបណ្ដឹងទាំង៦៤នេះ គ.ជ.ប បានដោះស្រាយចប់រួចរាល់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ។
លោកបានបន្តថា ក្នុងចំណោមបណ្ដឹងទាំង៦៤បណ្ដឹងនោះ មានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៤៦បណ្ដឹង ប៉ុន្តែ គ.ជ.ប បានបើកការរាប់ឡើងវិញតែចំនួន ៣ឃុំ ប៉ុណ្ណោះ គឺនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង, ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង និងនៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចំណែកបណ្ដឹងចំនួន ៤៣បណ្ដឹងទៀត ត្រូវបានបដិសេធទាំងអស់។
ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជាកំណត់ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងនៅលើគេហទំព័ររបស់ គ.ជ.ប ខណៈការបូកសរុបលទ្ធផលមកពីឃុំ-សង្កាត់ ដើម្បីត្រៀមយកទៅប្រកាសផ្លូវការនោះ ក្រុមការងារកំពុងតែមមាញឹករៀងរាល់ថ្ងៃ។ លោក ខន កែវមនោ បញ្ជាក់ដូច្នេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មានភាពរលូនជាងអាណត្តិមុនៗ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក៏ល្អប្រសើរ ខណៈប្រទេសមហាអំណាចអាមេរិក មហាអំណាចរុស្ស៊ី សហគមន៍អឺរ៉ុប ប្រទេសជប៉ុន គណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ មានការសារទរយ៉ាងខ្លាំង៕