FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់បន្ថែមដល់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងចំនួន១៤ ដែល គ.ជ.ប បានចារបដិសេធមិនទទួលដោះស្រាយនោះ ដោយសារម្ចាស់បណ្ដឹងបានប្ដឹងផ្លោះមក គ.ជ.ប មុនប្ដឹងនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ក្នុងនោះរួមមាន៖ ខេត្តកណ្ដាល២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មាននៅខេត្តកោះកុង ៣បណ្ដឹង, ខេត្តព្រៃវែង ១បណ្ដឹង, ខេត្តស្ទឹងត្រែង ៤បណ្ដឹង, ខេត្តបាត់ដំបង ២បណ្ដឹង, ខេត្តប៉ៃលិន ១បណ្ដឹង និងខេត្តព្រះវិហារ ១បណ្ដឹង។
ចំណែកបណ្ដឹងចំនួន១ ដែល គ.ជ.ប សម្រេចចុះអង្កេតនោះ ស្ថិតនៅខេត្តស្វាយរៀង ហើយការចុះអង្កេតនេះ គឺដើម្បីស្រាវជ្រាវហេតុផលខុសត្រូវ មុនធ្វើការដោះស្រាយជូនគូវិវាទ និងបណ្ដឹងចំនួន១ទៀត ដែល គ.ជ.ប បានធ្វើលិខិតជូនដំណឹងតបទៅម្ចាស់បណ្ដឹងវិញនោះ ស្ថិតនៅខេត្តកំពង់ធំ ដើម្បីរៀបរាប់ពីនីតិវិធី និងកាលកំណត់ នៃការដាក់ពាក្យបណ្ដឹងទៅតាមឋានានុក្រមរបស់ គ.ជ.ប។
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា ការដាក់ពាក្យបណ្ដឹងត្រូវធ្វើឡើងតាមឋានានុក្រម ដែលដំបូងឡើយ គឺម្ចាស់បណ្ដឹងត្រូវប្ដឹងទៅ PEC រាជធានី-ខេត្តជាមុនសិន ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីចេញលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រោយការដោះស្រាយនៅ PEC រាជធានី-ខេត្តហើយ នៅតែមិនទាន់សះជាគ្នាទៀតនោះ គូវិវាទអាចប្ដឹងឡើងមកទីស្ដីការ គ.ជ.ប បានក្នុងរយៈពេល៤ថ្ងៃ ក្រោយការទទួលបានលទ្ធផល នៃការដោះស្រាយបណ្ដឹងរបស់ខ្លួន នៅ PEC រាជធានី-ខេត្ត រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ទើបបិទការទទួលពាក្យបណ្ដឹងនៅទីស្ដីការ គ.ជ.ប ហើយ គ.ជ.ប នឹងធ្វើការដោះស្រាយជាបន្តបន្ទាប់ឲ្យចប់សព្វគ្រប់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។
បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការមិនសុខចិត្តនឹងលទ្ធផលឆ្នោតបឋម (បណ្ដឹងក្រោយការបោះឆ្នោត) ៥៦បណ្ដឹង ហើយក្រុមការងារដោះស្រាយ នៅទីស្ដីការ គ.ជ.ប ក៏បានដោះស្រាយចប់រួចរាល់ហើយដែរ ប៉ុន្តែនៅចាំទទួល និងដោះស្រាយបណ្ដឹងថ្មីៗជាបន្តបន្ទាប់ទៀត។
ស្ថាប័នអព្យាក្រឹត និងឯករាជ្យមួយនេះ បានបញ្ជាក់ថា សម្រាប់លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ គ.ជ.ប នឹងប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ៕