FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដង ដោយសម្រេចថាការរាប់សន្លឹកឆ្នោត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង ឈ្នះគណបក្សសង្គ្រោះជាតិ២សំឡេង ដែលទទួលបាន ២,៦០៩សំឡេង។ នេះយោងតាមមន្រ្តី គ.ជ.ប ដែលបានចូលរួមរាប់សន្លឹកឆ្នោត នៅការិយាល័យ គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
កាលពីម្សិលមិញ ការរាប់សន្លឹកឆ្នោតឡើងវិញ ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃកដាក់គ្នា ប៉ុន្តែនៅល្ងាចថ្ងៃដដែល ការរាប់ឡើងវិញ បានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ៧សម្លេង។
លទ្ធផលបានបង្ហាញថា៖ CPP 2587 / CNRP 2580 តែគណបក្សសង្គ្រោះជាតិមិនទាន់ឯកភាព ទើបមានការប្រជុំសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ រហូតប្រកាសថា CPP នៅតែឈ្នះ CNRP ចំនួន២ឡេង។
សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យ បោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីមានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិ ដោយសារតែ មិនអស់ចិត្តទៅនឹងលទ្ធផលរាប់សន្លឹកឆ្នោត នៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC ខេត្តស្វាយរៀង) រហូតតវ៉ាមក គ.ជ.ប តែម្តង៕