FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលប្រឹង ប្រែងលេងបានយ៉ាងល្អក្នុងជំនួបជំនួយជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ លើសមរភូមិវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
បើទោះបីលទ្ធផលពេញម៉ោងជាង ៩០នាទី គោព្រៃកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ ទល់ ០ ក្តី សម្តេចតេជោ ហ៊ុន សែន បាន លើកទឹកចិត្តកីឡាករកម្ពុជាទាំងអស់ កុំឲ្យតូច និងអស់សង្ឃឹម ហើយត្រូវខិតខំជាបន្តទៀត ដើម្បីជ័យជម្នះនៅពេលក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook ក្រោយពេលការប្រកួតបានបញ្ចប់ថា «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Indonesia Smart International Friendly Match) ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលលទ្ឋផលគឺ កម្ពុជា (០) ឥណ្ឌូនេស៊ី (២)»។
សម្តេចបន្តថា «ចាញ់ឈ្នះ ជារឿងធម្មតារបស់កីឡាទូទៅ។ ច្បាស់ណាស់ កីឡាបាល់ទាត់ឥណ្ឌូនេស៊ី មានបទពិសោធន៍លេង និងទទួលបានជ័យជំនះជាច្រើនក្នុងការប្រកួត លំដាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ជាបទ ពិសោធន៍ល្អសម្រាប់ក្មួយៗកីឡាករទាំងអស់។ ក្មួយៗកុំអស់ សង្ឃឹមឬតូចចិត្ត ហើយត្រូវខិតខំជាបន្តទៀតដើម្បីជ័យជំនះលើកក្រោយ»។
បើទោះបីជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណប្រជាពលរដ្ឋគាំទ្រវិស័យកីឡា ជាពិសេសអ្នកបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ តាមទូរទស្សន៍បាយ័ន និងតាម Facebook ដែលបានបង្ហាញពីការស្រឡាញ់ចូលចិត្ត និងគាំទ្រអស់ពីចិត្តពីថ្លើម ចំពោះកីឡាបាល់ទាត់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនៅក្នុងការប្រកួតលំដាប់អន្តរជាតិលើកក្រោយ៕