FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើគេហទំព័រ (www.voterlist.org.kh) គ្រប់ទាំង១,៦៤៦ឃុំ-សង្កាត់ រួចរាល់ហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ខណៈបណ្ដឹងចំនួន ៧១បណ្ដឹង កំពុងត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។
បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះថា ក្រោយពេលដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ បានចប់សព្វគ្រប់ និងអស់ចិត្តរៀងៗខ្លួនហើយ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាកំណត់។
អ្នកនាំពាក្យថ្លែងយ៉ាងដូច្នេះថា «ការប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ទាល់តែដោះស្រាយបណ្ដឹងចប់សព្វគ្រប់សិន, ហើយ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៧១បណ្ដឹង ក្នុងនោះយើងកំពុងតែដោះស្រាយជាបណ្ដើរៗហើយ ឯការប្រកាសលទ្ធផលផ្លូវការ គឺត្រូវតែធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧»។
សេចក្ដីជូនដំណឹងរបស់ស្ថាប័នអព្យាក្រឹតមួយនេះ បានបញ្ជាក់ថា ខ្លួនបានប្រកាសជូនសាធារណជនម្ដងរួចហើយ តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ ការផ្សាយលទ្ធផលបឋមនេះ នៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប (www.voterlist.org.kh) រហូតដល់ការផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ។
សេចក្ដីជូនដំណឹង បានបន្តថា ចាប់តាំងពីថ្ងៃទី០៤-០៧ ខែមិថុនា ឆ្នាំ២០១៧ ការផ្យាយលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានផ្សាយជាបន្តបន្ទាប់ នៅលើគេហទំព័ររបស់ គ.ជ.ប ហើយលទ្ធផលបឋមដែលបានចេញផ្សាយនោះ គ្រាន់តែជាព័ត៌មានមិនទាន់យកជាផ្លួវការបាននៅឡើយទេ ជាពិសេសលទ្ធផលបោះឆ្នោត នៅឃុំ-សង្កាត់មួយចំនួន ដែលបានបង្ហោះនៅលើគេហទំព័រ (www.voterlist.org.kh) ដោយមានសរសេរជាអក្សរពណ៌ក្រហម នៅក្នុងរង្វង់ក្រចកថា (កំពុងធ្វើការត្រួតពិនិត្យ)។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិដោយរលូនលើសអាណត្តិមុនៗនោះ បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦៕