FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ កំរិតនៃការអប់រំឡើយ។ ការប្រើប្រាស់ថ្នាំជក់នាំមកនូវទុក្ខវេទនា ជំងឺនិងការស្លាប់ គ្រួសារក្រីក្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ»។
រដ្ឋមន្ដ្រីបន្ដថា «ទំនាក់ទំនងរវាងថ្នាំជក់ និងការអភិវឌ្ឍនៅកម្ពុជា បានកត់សម្គាល់ថា ការចំណាយរបស់ពួកគេ ទៅលើការជក់បារីក្នុង១ថ្ងៃប្រហាក់ប្រហែល ឬច្រើនជាងការចំណាយទៅលើបាយ១ពេល គំហើញនេះស្របទៅនឹងទិន្នន័យ ចំណាយសរុប របស់ប្រជាជនកម្ពុជា លើការទិញបារីស្មើនឹងជាង២០០លានដុល្លារអាមេរិក ដែលការចំណាយដ៏ធំធេងនេះ ជាកត្តាលីករ ជំរុញឲ្យពលរដ្ឋកម្ពុជា ធ្លាក់ចូលក្នុងភាពក្រីក្រ ហើយការចំណាយទៅលើបារី ឬថ្នាំជក់ ត្រូវបានដកពីចំណាយ នៃតំរូវការចាំបាច់ក្នុងគ្រួសារ ដូចជា ចំណីអាហារ សម្លៀកបំពាក់ ការអប់រំជាដើម ជាពិសេសក្នុងគ្រួសារ ដែលមានចំណូលទាប។ នេះហើយដែលបណ្ដាលឲ្យសមាជិក រស់ក្នុងគ្រួសារចំណូលទាប និងមធ្យម ដែលមានអ្នកជក់បារីប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលនេះបញ្ជាក់ឲ្យឃើញថា ថ្នាំជក់ជាឧបសគ្គ ដែលរាំងស្ទះដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលយើងឃើញថា កម្ពុជាបាត់បង់ធនធានមនុស្ស ១ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយមនុស្ស៣០នាក់ស្លាប់ក្នុង១ថ្ងៃ ដោយសារការប្រើប្រាស់ថ្នាំជក់»។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ប្រជាពលរដ្ឋយើង ប្រហែល៧៥% បានយល់ដឹងច្បាស់ ពីផលប៉ះពាល់ដល់អាយុជីវិត ដោយសារតែជក់បារី ឬថ្នាំជក់នេះ ប៉ុន្ដែគាត់មិនដឹងច្បាស់ទេថា ប៉ះពាល់ដោយរបៀបណានោះ ដូច្នេះយើងបានបង្កើនយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះទៅអប់រំផ្ទាល់ ទៅតាមបណ្ដាលសហគមន៍ ឬស្រុកដាច់ស្រយាល ពិសេសនោះ មានបិទសារអប់រំជារូបភាព ពីផលប៉ះពាល់ នៃការជក់បារី នៅទូទាំងប្រទេសផងដែរ»។
លោកបន្ដថា មនុស្សជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ក្នុងមួយឆ្នាំៗដោយក្នុងនោះ អ្នកជក់បារី ប្រមាណ៦លាននាក់, អ្នកស្រូបផ្សែងបារីពីគេ ប្រហែលជា ជិត១ម៉ឺននាក់ ដែលស្លាប់ដោយសារបារី ឬថ្នាំជក់នេះ ដូច្នេះនេះជាហានិភ័យខ្ពស់ណាស់ មិនមែនប៉ះពាល់តែសុខភាពសម្រាប់អ្នកជក់ទេ គឺទាំងសមាជិកគ្រួសារ និងអ្នកនៅជុំវិញខ្លួន ពិសេសបំពុលនូវបរិស្ថានផងដែរ៕