FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សនយោបាយធំៗ បានដាក់ពាក្យបណ្តឹងចំនួន ៧១បណ្ដឹង តាមរយៈថ្នាក់ក្រោមជាតិរបស់ខ្លួន ដែលមានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដែលបានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងប្ដឹងសុំឱ្យដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើស។
បើតាម គ.ជ.ប ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គ.ជ.ប បើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹងតវ៉ាទៅនឹងលទ្ធផលបឋម និងក្រៅផ្លូវការនេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។
គ.ជ.ប បានឲ្យដឹងថា បណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញមានចំនួន ២៨បណ្ដឹង ក្នុងនោះគណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ១០បណ្ដឹង និងគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៨បណ្ដឹង ដែលគណបក្សធំៗទាំងពីរ បានប្ដឹងសុំឲ្យសន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៤៧ការិយាល័យ។ ចំណែកបណ្ដឹងសុំឲ្យដាក់ពិន័យលើអ្នកប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោត មានចំនួន ៤៣បណ្ដឹង ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៩បណ្ដឹង គណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ២០បណ្ដឹង និងប្រជាពលរដ្ឋក៏បានប្ដឹងចំនួន ៤បណ្ដឹងដែរ។
បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដែលមានចំនួន ៧,៨៦៥,០៣៣នាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស។
លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ដោយទទួលបាន ១,១៦៣ឃុំ-សង្កាត់ ខណៈគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ និងគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំនឹងគេដែរ ក្នុងចំណោមឃុំ-សង្កាត់ ១,៦៤៦ នៅទូទាំងប្រទេស។
សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុត ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕