FN ៖ បន្ទាប់ពី គ.ជ.ប ទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ, គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ។
គ.ជ.ប បានបញ្ជាក់នៅក្នុងលិខិតថា៖ ប្រសិនបើគណបក្សសង្រ្គោះជាតិ បានគៀងគរអ្នកគាំទ្រអ្នកគាំទ្រពីបណ្តា ខេត្តមកចូលរួមដង្ហែក្បួន ឃោសនានៅរាជធានីភ្នំពេញ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ រវាងរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងតំណាងគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាត់វិធានការឲ្យទាន់ពេលដល់គណបក្សសង្គ្រោះជាតិ ដែលមានបំណង់ចង់កៀងគរ អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផ្សេង ដើម្បីមកឃោសនានៅថ្ងៃទី២ ខែមិថុនានេះ ឲ្យបញ្ឈប់សកម្មភាពនេះបន្ទាន់ ព្រោះវាផ្ទុយពីច្បាប់របស់ គ.ជ.ប។
សាលារាជធានីភ្នំពេញ បានឲ្យដឹងថា «ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានកៀរគរអ្នកគាំទ្រនៅខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ មកចូលរួមដង្ហែក្បូនឃោសនានៅក្នុងរាជធានីភ្នំពេញ ប្រកាសនេះមិនស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ពិសេសធ្វើឲ្យប៉ះពាល់ដល់ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ»។
មួយវិញទៀត បើតាមនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ តម្រូវឲ្យធ្វើការឃោសនាបោះឆ្នោត ក្នុងក្របខណ្ឌព្រំប្រទល់រដ្ឋបាលឃុំសង្កាត់រៀងៗខ្លួន ដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច។
កត្តាទាំងនេះហើយ ទើបសាលារាជធានី បានចាត់ទុកថា ទង្វើរបស់គណបក្សសង្គ្រោះកំពុងតែអនុវត្តផ្ទុយពី បទបញ្ជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយម្យ៉ាងទៀតសាលាធានីខ្លាចក្រែងមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ដោយសារការមិនគោរពច្បាប់របស់បក្សប្រឆាំងមួយនេះ៕