FN ៖ អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ប្រមាណជិត២ពាន់លាននាក់ នៅជុំវិញពិភពលោក នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា បានចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូន ខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។
នៅក្នុងឱកាសបួសខែរ៉ម៉ាឌន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោក ទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ ដែលបងប្អូនបានសាងកុំបីខានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំ និង ភរិយា ខ្ញុំសូមជូនពរដល់បងប្អូន សាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោកផងដែរ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលបានចាប់ផ្ដើម នៅថ្ងៃសៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ត្រូវនឹង ឆ្នាំ ១៤៣៨ មូហាំម៉ាត់ សករាជ សូមអោយបងប្អូនសាសនិកឥស្លាមទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ដែលបងប្អូនបានសាង កុំបីខានឡើយ»។
សូមជំរាបថា នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។
រ៉ម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិនៃសាសនាអ៊ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះគឺមាន១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ។ ឧទាហរណ៍៖ ខែរ៉ម៉ាឌននៅឆ្នាំ២០១៦ ត្រូវនឹងចុងខែមិថុនា ចំណែកឯ រ៉ម៉ាឌន នៅក្នុងឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ២៧ ខែឧសភាវិញ ហើយវានឹងបន្តថយ មកទៀតជារៀងរាល់ឆ្នាំ។
* រ៉ម៉ាឌន ជាខែពិសិដ្ឋ
ជាការពិតដែលថា រ៉ម៉ាឌនជាខែមួយដ៏ពិសិដ្ឋសម្រាប់សាសនិកអ៊ីស្លាម ឬ មូស្លីម។ ជាខែពិសិដ្ឋ ទី១៖ កួរអាន ដែលជាគម្ពីរពិសិដ្ឋ ត្រូវបានបញ្ចុះ មកជាលើកដំបូងនៅក្នុងខែរ៉ម៉ាឌន នេះឯង នាឆ្នាំ៦១០ នៃគ.ស.។ ទី២៖ គឺការកាន់អំណត់តម ជាកាតព្វកិច្ចមួយក្នុងមូលដ្ឋានគ្រឹះទាំង៥នៃ សាសនាអ៊ីស្លាម។ កាតព្វកិច្ចកាន់អំណត់តមនេះ ត្រូវបានកំណត់ឱ្យអនុវត្ត នៅខែរ៉ម៉ាឌន ចាប់តាំងពីឆ្នាំ ៦២៤នៃគ.ស ពោលគឺ ២ឆ្នាំក្រោយ ការធ្វើហិជ្ជរ៉ស(ការចាកចេញ) ពីទីក្រុងមក្កះ ទៅក្រុងម៉ាឌីណះ របស់រ៉សូលុលឡោះ (មហាំម៉ាត់)។ ប៉ុន្តែវាមិនមែនជារឿងថ្មីស្រឡាងឡើយ នៅពេលដែលការកាន់អំណត់តមអាហារ ត្រូវកំណត់ឱ្យអនុវត្តក្នុងខែរ៉ាម៉ាឌននាជំនាន់ណាពីមូហាំម៉ាត់នោះ ពីព្រោះកាត្វកិច្ចនេះក៏ធ្លាប់ត្រូវបាន អនុវត្តរួចមកហើយនៅជំនាន់អ្នកពីមុនៗ ដូចជាជំនាន់អីប្រាហ៊ីម មូសា អ៊ីសា…. គ្រាន់តែរបៀប និងពេលវេលាខុសៗគ្នាតាមជំនាន់នីមួយៗប៉ុណ្ណោះ។
* បួស ឬខែបួស
ជាពាក្យត្រូវបានគេប្រើជាទូទៅដោយសំដៅទៅលើការប្រតិបត្តិមួយចម្បងនៅខែ រ៉ម៉ាឌន ដោយមិនពិសាអ្វីទាំងអស់នៅពេលថ្ងៃ។ ការមិនពិសាអ្វីទាំងឡាយនេះ ក្នុងភាសាអ៉ារ៉ាប់ គេហៅថា សោម (Saum) ដែលមានន័យថា «តម»។ បើអីចឹងតើនរណាខ្លះដែលជាប់ កាតព្វកិច្ចតមអាហារនៅពេលថ្ងៃក្នុងខែរ៉ម៉ាឌននេះ? គឺមូស្លីម ប្រុសស្រីដែលមានអាយុ (១៣ ឬ១៥ឆ្នាំ) ឡើងទៅ និងមិនមែនជាមនុស្សពិការសតិបញ្ញា។ តែក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើម អាចមានសិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅពេលក្រោយ រីឯអ្នកចាស់ជរា មិនអាចបួសបានតែម្ដងត្រូវផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ាម៉ាឌន។
បន្ថែមពីលើនេះ ការតមនេះគឺតមលើការបរិភោគក្នុងពេលវេលាដែលហាមឃាត់ ចាប់ពីទៀបភ្លឺ រហូតដល់ថ្ងៃលិច។ នៅអំឡុងពេលថ្ងៃគេមិន ត្រូវបរិភោគ ផឹក ឬការមានទំនាក់ទំនងផ្លូវភេទនោះទេ ចំណែកឯការមករដូវរបស់ស្តី្រ ក៏ធ្វើឱ្យខូចនូវការតមនេះដែរ។ ទោះជាយ៉ាងនេះក្តី ការបរិភោគដោយអចេតនា ឬភ្លេចភ្លាំង មិនត្រូវបានចាត់ទុកថា ដាច់ ឬខូចដល់ការកាន់អំណត់តមនោះឡើយ។
* ការកាន់អំណត់តមមិនមែនជាទណ្ឌកម្ម
រយៈពេលនៃការតមក្នុងមួយថ្ងៃៗ វែង ឬខ្លី គឺអាស្រ័យតាមដំណើរគោចរនៃព្រះអាទិត្យ តាមតំបន់ ឬប្រទេសនីមួយៗ ព្រោះគេនឹងចាប់តមអាហារពីពេលទៀបភ្លឺ និងចាប់ពិសាវិញនៅពេលថ្ងៃលិច។ ក៏ប៉ុន្តែគេត្រូវគប្បីយល់ឲ្យបានច្បាស់ថាការកាន់អំណត់ នេះពុំមែនជាការ ដាក់ទោស ឬទណ្ឌកម្ម ឬទុក្ខកិរិយា ទៅលើមនុស្សជាតិ ឬក៏ជាភារៈដែលមិនអាចទ្រាំទ្របាននោះទេ។ គោលគំនិតសំខាន់ នៅពីក្រោយនៃ ការអនុវត្តការតមអំណត់នេះ គឺជាការធ្វើសក្ការៈដោយ សុទ្ធចិត្តទៅចំពោះ ការបង្គាប់បញ្ជារបស់អល់ឡោះជាម្ចាស់ ដូចទ្រង់មានព្រះបន្ទូលក្នុង គម្ពីកួរអានដូច្នេះថា៖ «ឱ! បណ្ដាអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់អល់ឡោះគឺមហាំម៉ាត់ អល់ឡោះជាម្ចាស់បានដាក់កត្វាកិច្ច លើពួកអ្នកឱ្យតមអំណត់អាហារនៅពេលថ្ងៃ ដូចគ្នាទៅនឹងអល់ឡោះបានដាក់ កាតព្វកិច្ចលើបណ្ដាអ្នកដែលមានជំនឿពីមុនៗ ដើម្បីសម្ដែងការ កោតខ្លាចនិងគោរពតាមបទបញ្ជាដោយសុទ្ធចិត្តទៅចំពោះអល់ឡោះ»។
ម្យ៉ាងវិញទៀត ការកាន់អំណត់នេះ មិនមែនត្រឹមជាការកាត់បន្ថយការ បំពេញតម្រូវការផ្នែកសារពាង្គកាយ ពីការបរិភោគ និងផឹកពីច្រើនមកតិចនោះទេ ប៉ុន្តែវាគឺជាការតាំងចិត្ត រវាងរាងកាយ និងការសម្អាតវិញ្ញាណ ពីតម្រូវការផ្នែកសម្ភារៈនិយម ការអត់ធ្មត់ មានម្ចាស់ការលើតណ្ហា ឬសេចក្តីស្រេកឃ្លាន និងជាពិសេសការអនុវត្តនូវធម៌វិន័យក្នុងឋានៈជា សាវ័ក ដែលប្រកាន់ខ្ជាប់នូវគោលជំនឿត្រឹមត្រូវ។
* ការអនុវត្តផ្សេងៗក្នុងខែរ៉ម៉ាឌន
ខែរ៉ម៉ាឌន ជាខែដែលត្រូវសង្វាតប្រពិត្តអំពើល្អ ដោយឱកាសនេះ មានមិនលើសពីមួយខែនោះឡើយ។ អំពើល្អទាំងនោះមានដូចជាការផ្តល់ ចំណីអាហារដល់អ្នកកាន់អំណត់តម ជនទីទ័លក្រ ការបរិច្ចាកទាន។ល។ ទោះជាយ៉ាងនេះក្តី ក៏មានការអនុវត្ត ដែលមិនត្រឹមត្រូវផ្សេងពីការ អប់រំនៃសាសនាអ៊ីស្លាមដែរ។ មានមនុស្សមួយចំនួនបានធ្វើការចំណាយដោយខ្ជះខ្ជាយ នៅអំឡុងពេលកាន់អំណត់ លើមុខម្ហូបរបស់ខ្លួនតាំង ពីពេលចាប់ផ្តើម និងពេលបញ្ចប់។ ពួកគេរៀបចំអាហារហាក់ ដូចសម្រាប់ចំនួនមនុស្សកុះករ ហើយចុងបញ្ចប់ ពួកគេហូបត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអាហារដែលនៅសល់ គឺបានត្រឹមតែបោះបង់ចោល។ ការអនុវត្តបែបនេះ គឺផ្ទុយនឹងក្រិតក្រមវិន័យនៃសាសនាអ៊ីស្លាម។
គួរបញ្ជាក់ឡើងវិញថា របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួសនៅថ្ងៃដំបូង នៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែ រ៉ាម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ពឺន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន៕