FN ៖ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបង្ហាញស្ដីពីបទបញ្ជា និងនីតិវិធីមួយចំនួនដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ២,៦៤២នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំដោយសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌»។
លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដល់បញ្ញាវ័ន្ត និស្សិតស្ម័គ្រចិត្ត ២,៦៤២នាក់នេះ គឺសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអញ្ជើញលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត នៃគ.ជ.ប ដើម្បីធ្វើបទបង្ហាញពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឃុំ-សង្កាត់ និងក្រមសីលធម៌ដល់អ្នកសង្កេតការណ៍ជាតិក្នុងរាជធានីភ្នំពេញ ២,៣៥៤នាក់ ហើយអ្នកសង្កេតការណ៍ជាតិ ២៨៨នាក់ទៀត មកពីខេត្តបន្ទាយមានជ័យ កំពង់ចាម និងស្វាយរៀងជាដើម។
បើតាមលោក សាខុន ប៉ូរិន ដំបូងឡើយសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ជាតិតែ ២,៥០០នាក់ប៉ណ្ណោះ តែក្រោយទទួលពាក្យរួចចំនួនអ្នកសង្កេតការណ៍បានលើសការកំណត់។ តែទោះយ៉ាងណា គ.ជ.ប ក៏បានសម្រេចទទួលស្គាល់ពួកគេទាំងអស់គ្នា និងអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍ជាតិចល័តចំនួន ១០នាក់ផងដែរ៕