FN ៖ មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន (Angkor Japan Friendship International Hospital) ដែលការកសាងក្រោមកិច្ចសហការ រវាងអ្នកឧកញ៉ា សៀង ណាំ ជាមួយដៃគូរអ្នកវិនិយោគជប៉ុន បានសម្រេចវិនិយោគ ក្នុងតម្លៃទឹកប្រាក់ជិត ២,៥លានដុល្លារអាមេរិក ដោយមានការបំពាក់សម្ភារៈ បរិក្ខា បច្ចេកទេសតាមលក្ខណៈស្ដង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការបម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជា ប្រជាជនកម្ពុជាទូទៅ គឺត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីបើកសម្ពោធនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោកទីប្រឹក្សាតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងភាគីដៃគូរពាក់ព័ន្ធជប៉ុននិងថៃ ផងដែរ។ និងមានវត្តមានចូលរួមពីព្រះសង្ឃ មន្ត្រីរាជកា អាជ្ញាធរ សមត្ថកិច្ច លោកយាយ លោកតា លោកគ្រួ អ្នកគ្រួ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០អង្គ/នាក់។
បើយោងតាមរបាយការណ៍ខាងមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរពេទ្យនេះ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១២ ដោយក្រុមហ៊ុន ជប៉ុន ឈ្មោះ Genki Group CEO Mr. KANNARI YUTAKA ។ ហើយសំណង់អាគាមានទំហំ ១,៨២៧.៦០ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ១១,៩៣០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមដងវិថី ប៊ុនរ៉ានី ហ៊ុនសែន ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ដែលបានចំណាយទឹកប្រាក់សរុបអស់ ២,៤២៩,០៧៩ដុល្លារ ដោយមិនគិតនូវសម្ភារៈ បរិក្ខា នៅឡើយ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា មន្ទីរពេទ្យនេះ បានបំពាក់សម្ភារៈ បរិក្ខា បច្ចេកទេសតាមលក្ខណៈស្ដង់ដារអន្តរជាតិនៅប្រទេសជប៉ុន តៃវ៉ាន់ និងប្រទេសថៃ មានដូចជា៖ គ្រែសំរាកព្យាបាល យកមកពីប្រទេសជប៉ុន, ម៉ាស៊ីនឆ្លុះអេកូពោះ4D, ម៉ាស៊ីនថាស់ចង្វាក់បេះដូង, ម៉ាស៊ីនថត X-Ray, ម៉ាស៊ីនឆ្លុះក្រពះពោះវៀន ជាដើម។ ក្នុងនោះមាន ផ្នែកជម្ងឺខាងពិនិត្យ ពិគ្រោះជម្ងឺក្រៅ និងសម្រាកពេទ្យ, វៈកាត់ទូទៅ, សម្ភពនិងរោគស្រ្តី, ពិនិត្យជម្ងឺកុមារ, សង្គ្រោះបន្ទាន់, ផ្នែកធ្មេញ, ភ្នែក, និងផ្នែកវិភាគជម្ងឺ ផងដែរ។
ហើយបច្ចុប្បន្ន គឺមានបុគ្គលិកបម្រើការងារ ក្នុងមន្ទីរពេទ្យសរុបចំនួន ៥៩រូប ក្នុងនោះមានវេជ្ជបណ្ឌិតខ្មែរ-បរទេស ១៥រូប (មានជំនាញផ្នែកសម្ពព រោគស្រ្ដី កុមារ វៈកាត់ និងជម្ងឺទូទៅ) និងមានគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ១៨រូប, បុគ្គលិកផ្នែករដ្ឋបាល ២៦រូប ។ ក្នុងនោះមន្ទីរពេទ្យមានផ្តល់ថ្លៃសេវាអនុគ្រោះជូនប្រជាជនកម្ពុជា
ដែលមានជីវភាពលំបាកខ្វះខាតផងដែរ៕