FN ៖ និយ័តរទូរគមនាគមន៍កម្ពុជា បានព្រលយឲ្យដឹងថា នៅចុងឆ្នាំ២០១៧នេះ ប្រជាជន និងអ្នកប្រើប្រាស់ Internet នៅកម្ពុជា អាចនឹងមាន Internet ល្បឿនលឿនរហូតដល់ Tbps (1 Tbps=1000Gbps= 1000000 Mbps=100000000 Kbps) តាមរយៈបណ្តាញខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ ដែលបានអូសមកដល់កម្ពុជាហើយ។
បើតាមព័ត៌មានរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ដែលសរសេរលើ Facebook ផ្លូវការរបស់ខ្លួន បានលើកឡើងថា ខ្សែកាប្តិ៍អុបទិក ក្រោមបាតសមុទ្រចំនួន២ខ្សែ របស់ក្រុមហ៊ុនពីរ គឺ ក្រុមហ៊ុនតែកូថេករបស់អ្នកឧកញ៉ា គិត ម៉េង (បណ្តាញខ្សែកាប្លិ៍ Malaysia-Cambodia-Thailand ) និង ក្រុមហ៊ុន Cambodia Fiber Optic Networks Co., Ltd. ដែលជាក្រុមហ៊ុនឯកជនចិន (បណ្តាញកាប្លិ៍ Asia-Africa-Europe 1)។ បណ្តាញកាប្លិ៍ Malaysia-Cambodia-Thailand នេះអូសមកងើបពីបាតសមុទ្រនៅត្រង់ឆ្នេរសមុទ្រអូរត្រេះ នៃក្រុងព្រះសីហនុ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ និងបណ្តាញកាប្លិ៍ Asia-Africa-Europe 1 បានអូសមកងើបនៅឆ្នេរសមុទ្រអូរឈើទាល នៃក្រុងព្រះសីហនុ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍ បានលើកឡើងថា បច្ចុប្បន្ននេះ មានអ្នកជួលជាវបណ្តាញ Internet ប្រើប្រាស់ ត្រឹមចុងឆ្នាំ២០១៦ មានតាមបណ្តាញ Internet ទូរស័ព្ទចល័តចំនួន៨លាន និងបណ្តាញ Internet អចល័តចំនួន ៩៨,២៩៨ ដែលប្រើប្រាស់ល្បឿន បញ្ជូនភ្ជាប់ទៅបណ្តាញ Internet អន្តរជាតិតាមរយៈ ស្ថានីយ៍ Internet នៅប្រទេសសឹង្ហបុរី តាមបណ្តាញខ្សែកាប្លិ៍អុបទិក នៃប្រទេសថៃ និង នៅទីក្រុងហុងកុង តាមបណ្តាញប្រទេសវៀតណាម ដែលមានទហំសរុប Download = 96081 Mbps និង Upload = 58623 Mbps។
ប្រភពព័ត៌មានដដែលបន្ថែមថា «ដោយសារការប្រើប្រាស់ សេវាអ៊ីនធឺណិតពីប្រទេសជិតខាង មានតម្លៃថ្លៃ និងមិនមានល្បឿនបញ្ជូនគ្រប់គ្រាន់ ព្រមទាំងមិនមានឯករាជ្យភាព ក្នុងការតភ្ជាប់ពីកម្ពុជា ដោយសារយើងពឹងទៅលើគេ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោនយោបាយកែទម្រង់ ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្អឹងខ្នងទូរគមនាគមន៍ ដែលក្នុងនោះមានការកសាង បណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រដោយខ្លួនឯង តាមរយៈការលើកទឹកចិត្តវិស័យឯកជន ដោយផ្តល់អាជ្ញាបណ្ណជូនក្រុមហ៊ុនពីរគឺ ក្រុមហ៊ុនតែកូថេករបស់អ្នកឧកញ៉ា គិត ម៉េង (បណ្តាញខ្សែកាប្លិ៍ Malaysia-Cambodia-Thailand ) និង ក្រុមហ៊ុន Cambodia Fiber Optic Networks Co., Ltd. ដែលជាក្រុមហ៊ុនឯកជនចិន»។
និយ័តករទូរគមនាគមន៍កម្ពុជា បានរំលឹកថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលកម្ពុជាបានតភ្ជាប់បណ្តាញ Internet(Dial-Up internet connection) ដំបូងបំផុត។ កាលណោះ បណ្តាញអ៊ិនធឺណិតរបស់កម្ពុជា តភ្ជាប់ទៅបណ្តាញអ៊ីនធឺណិតពិភពលោក តាមរយៈផ្កាយរណបល្បឿនយឺតបំផុត ដោយប្រើប្រាស់បច្ចេកវិទ្យា VSAT និងបានតភ្ជាប់ទៅស្ថានីយ៍អ៊ិនធឺណិតអន្តរជាតិ នៅប្រទេសសឹង្ហបុរី ដែលមានល្បឿនជាអតិបរិមាត្រឹមតែ 128 Kbps (គីឡូប៊ីតក្នុងមួយវិនាទី) ប៉ុណ្ណោះ សម្រាប់មាត់ច្រកអ៊ិនធឺណិត អន្តរជាតិតែមួយរបស់កម្ពុជា។
ប្រភពព័ត៌មានដដែលបានរំលឹកទៀតថា អតិជនអ៊ីនធឺណិតអាចប្រើប្រាស់សេវា អ៊ិនធឺណិតត្រឹមតែបច្ចេកវិទ្យា Dual-up internet connection ដែលមានល្បឿនត្រឹមតែ ៦៤ Kbps ប៉ុណ្ណោះសម្រាប់ការតភ្ជាប់សេវា Internetព្រោះបច្ចេកវិទ្យានេះបានតភ្ជាប់ប្រើប្រាស់ តាមការប្រើប្រាស់ពិធិការ Internet ជាមួយការប្រើប្រាស់ខ្សែទូរស័ព្ទអចល័ត និងចំនួនអ្នកប្រើប្រាស់មានមិនលើសពី១០០០នាក់ឡើយ បើធៀបជាមួយនឹងជាមួយនឹងការប្រើប្រាស់ នាពេលបច្ចុប្បន្ន ខុសគ្នាខ្លាំងណាស់ គឺសុទ្ធតែ Gbps (ហ្ស៊ីហ្គាប៊ីតក្នុងមួយវិនាទី) ហើយ 1Gbps = 1000000 Kbps) ដោយអាចប្រើប្រាស់តាមបច្ចេកវិទ្យាទូរស័ព្ទចល័ត 4G-LTE និងអាចឈានដល់ 5G ក្នុងពេលឆាប់ៗនេះ ក្រៅពីការតភ្ជាប់តាមបណ្តាញ ខ្សែកាប្លិ៍អុបទិកអចល័ត៕