DAP ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។
យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។
សម្ដេចក៏បានក្រើនរំលឹកដល់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវខិតខំលើកកម្ពស់ សមត្ថភាពជំនាញ ឲ្យមានការរីកចម្រើន ស្របតាមដំណាក់កាលថ្មី ដើរទន្ទឹមនិងការបន្តកែទម្រង់ រចនាសម្ព័ន្ធអង្គការ ចាត់តាំងការពង្រឹងស្មារតី ឆន្ទៈកងកម្លាំង ការសិក្សារៀនសូត្របន្ថែម ពីគំរូវីរៈភាព វីរៈរៀមច្បងនគរបាល ជំនាន់មុន ដើម្បីលើកកម្ពស់សីលធម៌ គុណធម៌ និងទស្សនៈស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។
សូមរំលឹកថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានជាង ៧លាន ៨សែននាក់ (៧.៨៦៤.០៣៣នាក់) ក្នុងចំណោមពលរដ្ឋ គ្រប់អាយុចុះឈ្មោះ បោះឆ្នោតសរុបជាង ៩លាន ៦សែននាក់ (៩.៦៦៤.២១៦នាក់)។ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ មានគណបក្សនយោបាយ ចំនួន១២ បានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ជាផ្លូវការ សរុបទំាងអស់ ៩៤,៥៩៥ នាក់ ស្រី២៥,៧៨៨នាក់ ៕