FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យគណបក្សនយោបាយ ចែកអំណោយទិញទឹកចិត្ត និងប្រើប្រាស់ធនធានទិញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ នៅអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនោះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោត តែ២ដងប៉ុណ្ណោះ នាអំឡុងពេល១៤ថ្ងៃ។
ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ គ.ជ.ប។
លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេលឃោសនាបោះឆ្នោត មិនអនុញ្ញាតឲ្យមានការចែកអំណោយ ឬការទិញសន្លឹកឆ្នោត ឬការផ្ដល់រង្វាន់ អ្វីផ្សេងទៀត ដែលយើងមើលទៅជាការទិញសន្លឹកឆ្នោតឡើយ, ក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត បើសិនមានករណីនេះ គ.ជ.ប នឹងដោះស្រាយតាមបណ្ដឹង តែបើគ្មានបណ្ដឹងនោះទេ យើងនឹងចាត់វិធានការហាមឃាត់ ចៀសវាងការទិញសន្លឹកឆ្នោត»។
ដោយឡែក សម្រាប់សកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោតវិញ គ.ជ.ប បានកំណត់ដោយទម្រង់ និងទំហំដូចខាងក្រោម៖
* មានការរៀបចំដំណើរការជាក្បូន មានបិទបដា ពាក្យស្លោក សារនយោបាយភ្ជាប់នឹងរថយន្ត ឬ/និង ទោចក្រយានយន្ត ឬនិង ត្រីចក្រយានយន្ត និងមានការចាក់ផ្សាយដោយឧគ្ឃោសនសព្ទ។
* ចំនួនអ្នកចូលរួមមានចាប់ពី ១០នាក់ឡើងទៅ ដោយប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ក្នុងការឃោសនាបោះឆ្នោត រួមមាន៖ ទី១៖ រថយន្តចាប់ពី១គ្រឿង ឡើងទៅអមដោយទោចក្រយានយន្ត ឬ/និង ត្រីចក្រយានយន្ត ចាប់ពី ៥គ្រឿងឡើងទៅ ទី២៖ ទោចក្រយានយន្ត ឬ/និង ត្រីចក្រយានយន្តចាប់ពី ១០គ្រឿងឡើងទៅ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ ១៦ថ្ងៃ ទៀតប៉ុណ្ណោះ៕