DAP ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត និងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយ ទាំង១២ ដែលបាន ដាក់បេក្ខភាពរបស់ខ្លួន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។
យោងតាមសេចក្ដីណែនាំ ស្ដីពីការហែក្បួនឃោសនាបោះឆ្នោត បានឲ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើបាន ២ដង នៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជន ឈរឈ្មោះបោះ។
សេចក្ដីណែនាំបន្តថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជន ឈរឆ្មោះបោះឆ្នោត។
បើតាមសេចក្ដីណែនាំ ក្នុងករណី គណប្សនយោបាយ មានបំណងហែក្បូន ឃោសនា ឆ្លងកាត់ឃុំ – សង្កាត់ ពីរឬច្រើន ដែលមានព្រំប្រទល់ជាប់គ្នា ដែលខ្លួនមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សាមីគណបក្ស នយោបាយ នោះត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្ស ទៅ គឃ.សប ពាក់ព័ន្ធយ៉ាងហោច ឲ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។
បើក្នុងករណីបែបនេះ គឃ.សប ត្រូវរាយការណ៍ជាបន្ទាន់ ទៅ គធ.ខប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ សម្រប សម្រួល និងចាត់វិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។ ឃុំ-សង្កាត់ ពាក់ព័ន្ធ ដែលសាមីគណបក្សនយោបាយ បានហែក្បួន ឆ្លងកាត់នោះត្រូវចាត់ទុកថាបានហែមួយដងរួចហើយ។ គ្រប់គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ដែលមានផ្សារតាំងនៅ និងមានបំណងធ្វើសកម្មភាពចែកខិតប័ណ្ណនៅក្នុងផ្សារ សាមីគណបក្សត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅគឃ.សប ពាក់ព័ន្ធយ៉ាងហោចឲ្យបាន៣ថ្ងៃមុនធ្វើសកម្មភាព៕