FN ៖ ប្រធានាធាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាង២៣០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ នៅតាមជនបទ និងពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជានៅក្នុងឆ្នាំ២០១៧នេះ។ ការប្រកាសផ្តល់ជំនួយបានធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររវាងលោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន នាទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។
ជំនួយជាង២៣០លានដុល្លារអាមេរិកនេះ គឺជាង១៧៤លានដុល្លារ (១២០០លានយ័ន) សម្រាប់កសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត។ រីឯជំនួយជាង៦៥លានដុល្លារ (៤៥០លានយ័ន) ផ្សេងទៀត សម្រាប់ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជា ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។
ក្នុងជំនួបនេះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែ មានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននិងកំពុងពង្រឹង បន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ពិសេសរួមចំណែកដល់ការថែរក្សាស្ថេរភាព សម្រាប់ការអភិវឌ្ឍ។
លោកប្រធានាធិបតី បានបញ្ជាក់ថា ឆ្នាំ២០១៨ ដែលជាខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរនោះលោកបានស្នើ រៀបចំ ការប្រារព្វខួប ៦០ឆ្នាំ ឲ្យមានសកម្មភាពអធឹកអធមបំផុត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងជំនួបនោះថា ដំណើរនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនិងដំណើរបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងជាការចូលរួមចំណែកក្នុងការពង្រឹងថែមទៀត នៃការអនុវត្តន៍យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមេដឹកនាំ ទាំងពីរបានដាក់ចេញ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ប្រធានាធិបតីបន្តផ្តល់ការគាំទ្រ ដល់ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាព លើវិស័យការពារជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា។
ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមគោរពអញ្ជើញលោកប្រធានាធិបតីចិន ស៊ី ជិនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត ក្នុងប្រទេសកម្ពុជានាពេលខាងមុខ ឬក្នុងឆ្នាំ២០១៨ ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនង ការទូតរបស់ប្រទេសទាំងពីរ។
លោក ស៊ី ជិនពីង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបាន អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅរបស់លោក ស្តីពីកំណែទំរង់ និងអភិបាលកិច្ចរបស់វិទ្យាស្ថានខុងជឺ ក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមក។
លោកប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមានភាពជោគជ័យលើការងារ ជាច្រើន ក្នុងទំនាក់ទំនងទ្វេភាគី ពិសេសការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ។ លោកប្រធានាធិបតីបានសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ចកម្មនៃប្រទេសទាំងពីរនឹងមានការកើនឡើងរហូតដល់ ៦ពាន់លានដុល្លាអាមេរិក។
ក្នុងជំនួបពិភាក្សាការងារនោះ លោកប្រធានាធិបតីចិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាទៅលើការរួមគ្នាប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕