FN ៖ នៅល្ងាចថ្ងៃ១៦ ឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជាអធិបតីបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិនឆ្នាំ២០១៧ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងបានលើកបង្ហាញពីសក្តានុពល និងបរិយាកាសដ៏ល្អប្រសើរសម្រាប់វិនិយោគិនចិន ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗ មួយចំនួន ដែលសម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិន៖
១). សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។
២). ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ពីទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជា គឺមានជាង ២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ សម្តេចបានបន្ថែមថា ចិនបន្តគាំទ្រជួយកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមដែលជួយពង្រឹង ដល់ឯករាជ្យភាពនៃនយោបាយកម្ពុជាទៀតផង។ តាំងពីដើមមក គឺកម្ពុជាគាំទ្រ និងទទួលស្គាល់ចិនតែមួយ តាំងពីជំនាន់សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ដែលប្រទេសទាំងពីរគោរពអធិប តេយ្យភាពគ្នាទៅវិញទៅមក។ ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូង គឺមិនមែនជាបញ្ហាអាស៊ាន-ចិនទេ គឺជាបញ្ហារបស់ប្រទេសដែលមានការពាក់ព័ន្ធគ្នា ដែលត្រូវដោះស្រាយដោយសន្តិវិធី ហើយអាស៊ានក៏ត្រូវយល់ដឹងរឿងនេះដែរ។
៣). សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា និងចិន។ សម្តេចបានបញ្ជាក់ថា ទំនាក់ទំនង និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនគឺមានសារៈសំខាន់ណាស់ ដែលជួយឲ្យពិភពលោកមួយមានសណ្តាប់ធ្នាប់ល្អរស់នៅដោយសុខដុមរម្យនា។ ទំនាក់ទំនងគឺអាចធ្វើបានតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងយុវជន តាមរយៈបញ្ញាវ័ន្តអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ តាមរយៈកីឡាតាមរយៈពហុវប្បធម៌ តាមរយៈវិទ្យាស្ថាន និងសាកលវិទ្យាល័យ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ កម្ពុជារំពឹងថានៅឆ្នាំ២០២០ ខាងមុខនេះ ចំនួនទេសចរចិននឹងកើនឡើង ២លាននាក់ក្នុង មួយឆ្នាំ ហើយទំហំពាណិជ្ជកម្មអាចនឹងកើនឡើងដល់ ៦,០០០ លានដុល្លារផងដែរ។ ទន្ទឹមនឹងនោះដែរ កម្ពុជានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ដូចជាផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មី និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
៤). សម្តេចតេជោ ហ៊ុន សែន បានក្រុមអ្នកព័ត៌មានចិនថា តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ដែលបានគាំទ្រជំរុញឲ្យបង្កើតឡើង។ សព្វថ្ងៃទីនេះមានក្រុមហ៊ុនជាង១០០ កំពុងវិនិយោគនៅក្នុងតំបន់នេះ ដែលជានិមិត្តរូបដ៏ធំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានផ្តល់ឱកាសឲ្យកម្ពុជា បានកសាង និងអភិវឌ្ឍន៍ប្រទេស។
៥). សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតែងតែមកចូលរួមតាំងពិព័ណនៅប្រទេសចិនគឺ ៨ លើកមកហើយ ជាង១០ឆ្នាំមកនេះ ជាពិសេសក្នុងពិពណ៌អាស៊ាន-ចិន នៅណាននីន។ ក្នុងពេលនោះ កម្ពុជាមានតួនា ទីជាអ្នកសម្របសម្រួលអាស៊ាន-ចិន ដែលទទួលបានការគាំទ្រទាំងស្រុងអោយមានពិពណ៌នេះឡើងនៅ ណានីន។ សម្តេចតេជោ គឺជាពលរដ្ឋកិត្តិយសរបស់ណាននីនផងដែរ។
៦). សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីភាព រីករាយ និងពេញចិត្តចំពោះលទ្ឋផលនៃកិច្ចប្រជុំពិភាក្សាជាមួយ លោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោកប្រធានសភាតំណាងប្រជាជនចិន ជាពិសេសលោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង ដែលសុទ្ធតែ បានប្តេជ្ញាចិត្តជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឲ្យមានសន្ទុះលឿនទៅមុខ។ ប្រទេសចិនឆ្នាំក្រោយ យល់ព្រមឲ្យកម្ពុជា នាំចូលអង្ករ ៣០០,០០០តោន។ ទន្ទឹមនឹងនេះ គឺកម្ពុជាទទួលបាននូវជំនួយឥតសំណងកាន់តែច្រើនឡើងៗ ព្រមទាំងជំនួយឥណទានការប្រាក់ទាបសម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ឋជាដើម។
៧). សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជារីករាយស្វាគមន៍វិនិយោគិនចិន ដែលមានបំណងទៅវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គឺត្រូវយល់ដឹងអំពី នីតិវិធីច្បាប់វិនិយោគដែលមិនសាំញាំស្មុគ្រស្មាញទេ ក្រុមហ៊ុនអាចវិនិយោគគឺអាចបោះទុនខ្លួនឯងបាន ១០០% ។ ព័ត៌មានវិនិយោគទាំងនេះគឺអាចទទួលបានតាមរយៈស្ថានទូត អគ្គកុងស៊ុល និងវិស័យឯកជនជាដើម។ កត្តាសំខាន់បំផុតនោះ គឺកម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច ហើយកម្ពុជាមានម្ហូបអាហារចិន និងមានធនធានមនុស្សចេះភាសាចិនយ៉ាងច្រើនដែលជួយដល់ការងារវិនិយោគ៕