FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ដោយបានចាត់ទុកទំនាក់ទំនងនេះ គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ ដែលត្រូវយកចិត្តទុកដាក់ពង្រីក និងពង្រឹងបន្ថែមទៀត។
ការគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា និងចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុង ប៉េកាំង ប្រទេសចិន។
ក្នុងជំនួបពិភាក្សាការងាររយៈពេលប្រមាណ ៥០នាទី លោក លី ខឺឈាង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន។
សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន-កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃ នៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត។
នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ក៏បានគូសបញ្ជាក់ដែរថា ក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្តភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅជាកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជំរៅ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។
ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ តាមរយៈមធ្យោបាយនានា និងរកការទាក់ទងជាយុទ្ធសាស្រ្តឲ្យបានទាន់ពេលវេលា ចំពោះទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរវាងរដ្ឋាភិបាល សភា គណបក្ស និងអាជ្ញាធរមូលដ្ឋាន ធ្វើការប្រាស្រ័យទាក់ទងពាក់ព័ន្ធនឹងបទពិសោធន៍អភិបាលកិច្ចឲ្យកាន់តែស៊ីជំរៅ ព្រមទាំងប្រើប្រាស់ឲ្យបានល្អនូវគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិន-កម្ពុជា ព្រមទាំងសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យទាំងអស់។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារពារជាតិ ព្រមទាំងការអនុវត្តច្បាប់និងសន្តិសុខ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រវាងក្រសួងការបរទេសទាំងពីរ និងពង្រីកការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្រប់កម្រិត។
ជាមួយគ្នានេះភាគីទាំងពីរ នឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអីនធើរណែត រួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន។
ទន្ទឹមនឹងនេះភាគីទាំងពីរបាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការ រួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។
ភាគីទាំងពីរនឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦០០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។
តាមរយៈនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិន ដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។
ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីចិន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាពនយោបាយរបស់ខ្លួន។
ជាមួយគ្នានេះភាគីកម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់របស់ចិនតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលមិនអាចកាត់ផ្តាច់ពីចិនបាន ប្រឆាំងចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់ គ្រប់ទម្រង់ ព្រមទាំងបន្តការគាំទ្រការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់តំនងចិន និងតៃវ៉ាន់ និងបុព្វហេតុឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមចិនដោយសន្តិវិធី។
ក្នុងកិច្ចពិភាក្សានោះកម្ពុជា និងចិត បានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិន និង អាស៊ាន។ បញ្ហានោះគួរត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព និងការចរចារដោយសន្តិវិធី ដោយរដ្ឋអធិបតេយ្យភាពពាក់ព័ន្ធផ្ទាល់។ ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ចំនួន៤លើករួចមកហើយ ក្នុងនោះលើកទី១ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ និងលើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០ និងលើក ទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិនៅប្រទេសចិនចំនួន ៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។ លើកទី២ អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។ លើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវ និងសន្និសីទពិសេសស្តីពីគណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕