FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។
ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានស្នើសុំចំនួន៤ចំណុច រួមមានបញ្ហាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ហាលើកស្លាកគណបក្សនយោបាយ បញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត បញ្ហាបញ្ចាំអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ និងការផ្សាយអំពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាដើម។
លោកបានបញ្ជាក់ថា ចំពោះការហែក្បួននៅទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញហាមឃាត់នោះ គ.ជ.ប នៅតែរក្សាជំហររបស់ខ្លួន មិនអនុញ្ញាតដដែល ប៉ុន្តែទោះជាយ៉ាង សម្រាប់សំណើសុំចែកខិត្តបណ្ណនៅក្នុងផ្សារ និងចាក់ក្បាលមេក្រូ នៅក្រៅផ្សារ រួមទាំងការប្រមូលផ្តុំនៅលើសួនសាធារណៈនោះ គ.ជ.ប នឹងពិចារណាបន្ថែមទៀត។
លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រៅពីផ្លូវទាំង១៩ ដែលហាមឃាត់នោះ គឺអនុញ្ញាតឱ្យហែរមិនមែនអត់នោះទេ»។ លោកបានបន្ថែមទៀតថា « គាត់ (បក្សសង្រ្គោះជាតិ) បានឯកភាពហើយថា គាត់នឹងមិនធ្វើការហែរក្បួននៅតាមផ្សារនោះទេ ប៉ុន្តែស្នើចាក់មេក្រូនៅខាងក្រៅផ្សារ និងចែកខិត្តបណ្ណនៅខាងក្នុងផ្សារ…គជប នឹងពិចារណាថា តើត្រូវអនុញ្ញាត ឬមិនអនុញ្ញាត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំដល់គណបក្សនយោបាយទាំង១២ ឱ្យបញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវដ៏មមាញឹកមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងផ្លូវ, ទីសាធារណៈ និងទីប្រជុំជនដែលត្រូវហាមឃាត់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដូចតទៅ៖
ចំណុចទី១៖ ផ្លួវនានាដែលត្រូវចៀសវាងក្នុងការហែក្បួនរួមមាន កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង), មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីមៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន), កំណត់មហាវិថីទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហឹង), កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវ ១៥៤ ដល់មហាវិថីព្រះសីហនុ), មហាវិថីព្រះសុរាម្រិត, ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ និងផ្លូវលេខ១៨៩)។
ចំណុច២៖ ទីប្រជុំជនដែលត្រូវចៀសវាងការប្រមូលផ្តុំ និងហែក្បួន រួមមាន៖ ផ្លូវជុំវិញផ្សារធំថ្មី, ផ្លូវជុំវិញផ្សារអូរឫស្សី, ផ្លូវជុំវិញផ្សារអូឡាំពិក, ផ្លូវជុំវិញផ្សារទួលទំពួង, ផ្លូវជុំវិញផ្សារផ្សារដេប៉ូ និងផ្លូវជុំវិញផ្សារផ្សារដើមគរ។
និងចំណុច៣៖ ទីសាធារណៈ ដែលត្រូវចៀសវាងការប្រមូលផ្តុំរួមមាន សួនព្រះបរមរាជវាំង, ទីធ្លាមេរុ, សួនមុខវត្តបទុមវត្តី (តែអនុញ្ញាតនៅទីវាលការីឡាចុង ខាងត្បូងសួនច្បារវត្តបទុវត្តី), ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល, ទីធ្លារូបសំណាក់លោកយាយពេញ, សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ, និងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាដើម៕