RFI ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឲ្យចូលរួមជួលម៉ោងផ្សាយដល់គណបក្សនយោបាយទាំង១២ តាមតែអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះ មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ បានជូនដំណឹងទៅ គ.ជ.ប អំពីការជួលម៉ោងផ្សាយទៅឲ្យគណបក្សនយោបាយនៅឡើយទេ ខណៈដែលការឃោសនាបោះឆ្នោតឃុំសង្កាត់ជិតមកដល់។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៤ ខែឧសភា ថា រហូតមកដល់ពេលនេះមានតែស្ថានីយវិទ្យុ២ប៉ុណ្ណោះ បានជូនដំណឹងមកគ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនឲ្យទៅគណបក្សនយោបាយសម្រាប់ធ្វើការឃោសនាបោះឆ្នោតនាពេលខាងមុខ។ ស្ថានីយវិទ្យុ២ដែលបានជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយនោះ រួមមានស្ថានីយវិទ្យុFM106.5 និងស្ថានីយវិទ្យុ FM93.5។ ដោយឡែក មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ ប្រកាសឬ ជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនទៅគណបក្សនយោបាយនៅឡើយទេ។
អ្នកនាំពាក្យគ.ជ.ប រូបនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ឲ្យចូលរួមទាំងអស់គ្នាក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ព្រោះការបោះឆ្នោតនេះ ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រទេសកម្ពុជា។ លោកបន្ថែមថារាល់ការជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងមក គ.ជ.ប ដើម្បីឲ្យការអនុវត្តនេះ ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ លោកបញ្ជាក់ថាការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ ដែលមានគោលបំណងល្អៗ ក្នុងការអភិវឌ្ឍឃុំ សង្កាត់។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី១៤ ឧសភា បានបង្ហាញចម្ងល់របស់លោកចំពោះស្ថានីយទូរទស្សន៍ក្នុងស្រុក ដែលរហូតមកដល់ពេលនេះមិនទាន់ជួលម៉ោងផ្សាយឲ្យគណបក្សសង្រ្គោះជាតិនៅឡើយ។ លោកបញ្ជាក់ថាទូរទស្សន៍ទាំងនោះមិនគោរពគោលការណ៍ណែនាំរបស់ គ.ជ.ប ហើយលោកនឹងលើកយកបញ្ហានេះប្រាប់ទៅគ.ជ.ប នាពេលខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានថ្លែងថារហូតមកដល់ពេលនេះគណបក្សមិនទាន់បានជួលម៉ោងផ្សាយពីស្ថានីយវិទ្យុ និងទូរទស្សន៍ណាមួយនៅឡើយទេ ប៉ុន្តែគណបក្សបានត្រៀមធនធានមនុស្សដើម្បីចូលរួមវេទិកាផ្សេងៗរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងពេលឃោសនាបោះឆ្នោត។
បើតាមគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងការលក់ និងជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស ត្រូវផ្អែកទៅតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ក្នុងគោលការណ៍ដដែលបានឲ្យដឹងទៀតថា ការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ មិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍លក់ ឬជួលផ្តាច់មុខឲ្យគណបក្សនយោបាយណាមួយឡើយ។
កាលពីថ្ងៃទី១១ ខែឧសភាក្រសួងព័ត៌មានក៏បានចេញលិខិតជូនដំណឹងមួយដល់ម្ចាស់ប្រព័ន្ធផ្សាយទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ញតិ្តច្បាប់ស្តីពីការបោះឆ្នោត និងគោលការសម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍។ ក្រសួងព័ត៌មានបានបញ្ជាក់ថាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយបានបំពានច្បាប់ និងគោលការណែនាំ ក្រសួងនឹងបិទការផ្សាយ ហើយដកហូតអាជ្ញាបណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ៕