RFI ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប នឹងពិសោធន៍សាកល្បងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃជាលើកទី២ នៅថ្ងៃទី១៧ ខែឧសភា ខាងមុខ ហើយគ្រប់ភាគីពាក់ព័ន្ធអាចយកសារធាតុអ្វីទៅលាងជម្រះក្នុងការពិសោធន៍សាកល្បងនេះបាន។ ការពិសោធន៍គុណភាពទឹកខ្មៅនេះ ធ្វើឡើងក្រោយពី គ.ជ.ប បានរកឃើញថាទឹកខ្មៅគំរូ ដែលយកមកពីប្រទេសឥណ្ឌាអាចលាងជ្រះ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៤ ខែឧសភា ថាដើម្បីជម្រះមន្ទិលសង្ស័យ គ.ជ.ប នឹងពិសោធន៍គុណភាពទឹកខ្មៅម្តងទៀត នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ ហើយ គ.ជ.ប ចង់ឲ្យភាគីពាក់ព័ន្ធដូចជាគណបក្សនយោបាយ តំណាងស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចូលរួមក្នុងការពិសោធន៍នេះ។ លោកហង្ស ពុទ្ធាបញ្ជាក់ថា អ្នកចូលរួមអាចយកសារធាតុអ្វីក៏បានដែរ ដើម្បីលាងជម្រះក្រោយពីការជ្រលក់ដៃនឹងទឹកខ្មៅនេះហើយ។
លោកហង្ស ពុទ្ធាបានឲ្យដឹងថាទឹកខ្មៅចំនួន៤៦,៥០០ដប ដែលយកមកពីប្រទេសឥណ្ឌា សម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ បានយកមកដល់ប្រទេសកម្ពុជាហើយ។ លោកថាទឹកខ្មៅចំនួន៤៦,៥០០ដប ដែលទើបយកមកដល់នេះ គឺត្រូវបានពិសោធន៍រកឃើញថាលុបមិនជ្រះទេ។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បញ្ជាក់ថាទឹកខ្មៅ ដែលពិសោធន៍ឃើញថាលុបជ្រះនោះ គឺមានចំនួនតែពីរដបប៉ុណ្ណោះ ដែលគ.ជ.ប ស្នើសុំពីក្រុមហ៊ុនឥណ្ឌាធ្វើជាគំរូ។ ពេលនេះគ.ជ.ប គ្រោងនឹងបញ្ជូនទឹកខ្មៅលុបជ្រះ នោះទៅឲ្យស្ថាប័នអន្តរជាតិ ដើម្បីឆែកមើលលើគុណភាពបន្ថែមទៀត។
កន្លងមកអង្គការក្រៅរដ្ឋាភិបាលបានបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះគុណភាពទឹកខ្មៅនេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតឃុំ សង្កាត់។ លោក សំ គន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតបានថ្លែងថាលោកនឹងបញ្ជូនមន្ត្រីរបស់លោកចូលរួមនៅក្នុងការសាកល្បងពិសោធន៍គុណភាពទឹកខ្មៅលុបមិនជ្រះនេះ។
លោកបញ្ជាក់ថាប្រសិនបើគុណភាពទឹកខ្មៅ ដែលគ្រោងធ្វើការសាកល្បងគុណភាពនាពេលខាងមុខលុបមិនជ្រះនោះគឺជាការល្អ ព្រោះគុណភាពទឹកខ្មៅល្អអាចជួយឲ្យដំណើរការបោះឆ្នោតមានភាពសុក្រឹតច្រើន។ ប៉ុន្តែលោកសំ គន្ធាមី បន្ថែមថា បើទឹកខ្មៅលុបជ្រះ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
សូមជម្រាបជូនថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណតិ្តទី៤ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ មានគណបក្សនយោបាយចំនួន១២គណបក្សនឹងចូលរួមប្រកួតប្រជែងដណ្តើមបេក្ខភាពមេឃុំ នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំង២៥រាជធានី-ខេត្ត៕