FN ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន» ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ហើយសម្រាប់ឆ្នាំក្រោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា។
នៅក្នុងពិធីប្រកាសបិទបញ្ចប់នោះ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំរីករាយជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់ បណ្តាមិត្តភក្តិ ទាំងអស់ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយគ្នា បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ច ពិភពលោករបស់យើងនេះនឹងក្លាយទៅជាវេទិកា ដ៏សំខាន់ដើម្បីរារាំងនៅនយោបាយគាំពារនិយម…ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើនសូមអរគុណ»។
ពិធីបិទនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។
វេទិកានេះ ក៏មានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ល្បីៗលើពិភពលោកចំនួន១២ និងតាមកញ្ចក់ទូរទស្សន៍ជាតិ។ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមធ្វើការផ្សាយផ្ទាល់កម្មវិធីទាំងបើក និងបិទវេទិកានេះផងដែរ៕