FN ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយសួនរុក្ខជាតិឱសថបុរាណ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវបច្ចេកទេស និងអភិរក្សធនធានឱសថ ដែលមានលើដែនដីកម្ពុជា សំដៅរៀបចំមូលដ្ឋានមួយក្នុងការធ្វើទំនើបកម្មរុក្ខជាតិទាំងនោះ កែច្នៃទៅជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗទៀត។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក លី ហ្គ័រជាន អគ្គនាយកនៃគណៈកម្មការផែនការគ្រួសារ និងសុខភាព នៃខេត្តក្វាងស៊ី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងចំនួន ៣ចំណុច រួមមាន៖
១៖ បង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេសស្រាវជ្រាវ និងអភិវឌ្ឍធនធានរុក្ខជាតិឱសថ និងសេវាផ្ដល់ព័ត៌មាន។
២៖ ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោងរវាងប្រទេសទាំង២ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានមនុស្សរុក្ខជាតិឱសថ ការស្រាវជ្រាវ និងចងក្រងចំណេះដឹងស្ដីពី វេជ្ជសាស្រ្តបុរាណ ការកែលំអហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តបុរាណ និងគម្រោងពាក់ព័ន្ធផ្សេងទៀត។
៣៖ ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជា ឧទ្យានឱសថថ្នាក់ជាតិ ការអភិរក្សរុក្ខជាតិឱសថ ជាដើម។
រដ្ឋមន្ត្រីម៉ម ប៊ុនហេង ថ្លែងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការ រួមគ្នាលើកម្ពស់ការការពារ ការប្រើប្រាស់ និងការកសាងធនធានឱសថកម្ពុជា ដែលត្រូវចុះហត្ថលេខានាពេលនេះ មានរយៈពេល៥ឆ្នាំ។
រដ្ឋមន្រ្តីបន្តថា ប្រទេសនីមួយៗសុទ្ធតែមានប្រភេទរុក្ខជាតិផ្សេងៗគ្នាច្រើនប្រភេទ ហើយនៅកម្ពុជាក៏សម្បូរប្រភេទរុក្ខជាតិឱសថច្រើនណាស់ដែរ ហើយនៅប្រទេសចិនក៏មានច្រើនដែរ ថែមទាំងពូកែខាងប្រើប្រាស់ឱសថបុរាណទៀតផង ទើបភាគីទាំងពីររួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការនេះ។ បន្ទាប់ពីប្រមូល និងថែរក្សាពពួករុក្ខជាតិទាំងនោះបានច្រើនគួរសមហើយ ក្រុមការងារប្រទេសទាំងពីរ នឹងឈានទៅដល់ការផលិតជាឱសថប្រើប្រាស់រួមគ្នា ប្រកបដោយនិរន្តរភាព៕