RFI ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃពុធម្សិលមិញ បានចេញលិខិតបំភ្លឺមួយ សម្តែងការសោកស្តាយចំពោះការរិះគន់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ទៅលើការបោះពុម្ពសន្លឹកឆ្នោតបម្រុងទុកច្រើនជាង អ្នកបោះឆ្នោត ដល់ទៅ ២០%។ បក្សប្រឆាំង និងសង្គមស៊ីវិល បានណែនាំថា គួរតែបោះពុម្ពសន្លឹកឆ្នោតបម្រុងច្រើនបំផុតត្រឹម ៥% បានហើយ ដើម្បីចៀសវាងភាពមិនប្រក្រតីណាមួយ។ តែចំពោះ គជប ការបោះពុម្ពលើសចំនួននេះ គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់ ព្រោះប្រសិនបើ ការិយាល័យបោះឆ្នោតណាមួយ ខ្វះសន្លឹកឆ្នោត ការិយាល័យនោះ នឹងត្រូវបិទ ខណៈការបោះពុម្ពសន្លឹកឆ្នោត និងដំណើរការនៅថ្ងៃបោះឆ្នោត គឺជា ការទទួលខុសត្រូវរបស់ គ.ជ.ប។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី០៣ ខែឧសភា ការបោះពុម្ពសន្លឹកឆ្នោតបម្រុងលើសចំនួនអ្នកបោះឆ្នោតជាង ២០% គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់នៅ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ករណីសន្លឹកឆ្នោតខូច ដោយសាររោងពុម្ពបោះពុម្ពប្រឡាក់ ឬរហែក មន្រ្តីការិយាល័យបោះឆ្នោតហែកជូនអ្នកបោះឆ្នោតរហែកខុសពីថ្នេរ អ្នកបោះឆ្នោតគូសខុស ឬសុំផ្លាស់ប្តូរចិត្តគូសជ្រើសរើសឡើងវិញជាដើម។
គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទីបួន សរុបចំនួន ៩.៤២៦.៦០០សន្លឹក ក្នុងនោះ ចំនួនសន្លឹកឆ្នោតបម្រុង មានចំនួន ១.៥៦១.៥៦៧សន្លឹក លើសចំនួនអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបត្រឹម ៧.៨៦៥.០៣៣នាក់។ ការបោះពុម្ពសន្លឹកឆ្នោតទាំងអស់នេះ នឹងចំណាយថវិកាបោះពុម្ពជាង ២លានដុល្លារអាមេរិក (សន្លឹកឆ្នោតបម្រុង ២០% នឹងចំណាយអស់ទឹកប្រាក់ជាង ៣សែនដុល្លារ) ហើយសន្លឹកឆ្នោត ដែលខុសៗគ្នា ស្របតាមចំនួន និងលេខរៀងរបស់ គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត នៅឃុំ សង្កាត់ នឹងបញ្ចប់នៅថ្ងៃទី២៣ ឧសភា ខាងមុខ។
បើតាម គ.ជ.ប សន្លឹកឆ្នោត ត្រូវបោះពុម្ពជាសៀវភៅ ១ក្បាល ដែលមាន ៥០សន្លឹក និងបែងចែកទៅតាមការិយាល័យបោះឆ្នោតចំនួន ២២.១៤៨ ការិយាល័យ។ សន្លឹកឆ្នោតបម្រុងក្នុងមួយការិយាល័យ មានលើសពីចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតពី ៥០សន្លឹក ទៅ ៩៩សន្លឹក ឬសន្លឹកឆ្នោតបម្រុងគិតជាមធ្យមក្នុងមួយការិយាល័យ មានចំនួន ៧២សន្លឹក។ សន្លឹកឆ្នោតបម្រុងនេះ មិនមានរក្សាទុកនៅ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងនៅ គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតនោះទេ។ ហើយសន្លឹកឆ្នោតបម្រុងដែលមិនបានប្រើប្រាស់ទាំងអស់ នឹងត្រូវចោះដោយប្រើប្រដាប់ចោះ ឬកាត់នឹងកន្ត្រៃ ដើម្បីធ្វើមោឃភាពសន្លឹកឆ្នោត បន្ទាប់ពីបញ្ចប់ការបោះឆ្នោត និងផ្ទៀងផ្ទាត់សន្លឹកឆ្នោតរួចហើយនៅការិយាល័យបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត។
គួរជម្រាបថា សេចក្តីបំភ្លឺរបស់ គ.ជ.ប នេះ កើតមានឡើងបន្ទាប់ពី មានការរិះគន់ ពីគណបក្សសង្រ្គោះជាតិ និងអង្គការនិកហ្វ្រិច លើការបោះពុម្ពសន្លឹកឆ្នោតលើសចំនួន។ គឺ គណបក្សសង្រ្គោះជាតិ ដែលបានចូលរួមពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោត កាលពីថ្ងៃទី២៩ មេសា បានសម្តែងក្តីបារម្ពពី ភាពមិនប្រក្រតីណាមួយ ចំពោះការបោះពុម្ពសន្លឹកឆ្នោតបម្រុងលើសច្រើននេះ ដោយណែនាំថា គ.ជ.ប គួរតែបោះពុម្ពសន្លឹកឆ្នោតបម្រុងលើសត្រឹមចន្លោះពី ២.៥% ទៅ ៥% ទើបជាការប្រសើរ។
ចំណែក លោក សម គុណធាមី នាយកប្រតិបត្តិ អង្គការនិកហ្វិច បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា សន្លឹកឆ្នោតបម្រុង ដែលបោះពុម្ព ច្រើនជាងអ្នកបោះឆ្នោត ២០.៥% នេះ គឺហួសពីតម្រូវការច្រើនពេក បើធៀបនឹងប្រទេសផ្សេង ដែលមានការរៀបចំការបោះឆ្នោតដែរ តែគេបោះពុម្ពសន្លឹកឆ្នោតបម្រុងច្រើនបំផុតត្រឹមតែ ៥% ប៉ុណ្ណោះ។ លោក សម គុណធាមី បន្ថែមថា សន្លឹកឆ្នោតបម្រុងមានច្រើនពេក នាំឲ្យមានការបារម្ភពី តម្លាភាពនៃការប្រើប្រាស់សន្លឹកឆ្នោត នៅតាមការិយាល័យនិមួយៗ។
គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ ២០១៧ ដោយមាន ១២ គណបក្សនយោបាយ និងមានបេក្ខភាពឈរឈ្មោះ សរុប ៩៤.៥៩៥ នាក់ ចូលរួមបោះឆ្នោតប្រជែង យកតំណែង ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប ១១៥៧២ អាសនៈ ដែលមាននៅក្នុងចំណោមឃុំសង្កាត់ សរុប ១៦៤៦ ទូទាំងប្រទេស៕