FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពគោលការណ៍ចំ៥ចំណុច ដើម្បីធានាឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងគ្មានការគំរាមកំហែង។
ការអំពាវនាវបែបនេះ របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
គោលការណ៍ចំនួន៥ចំណុច ដែលលោក ស៊ិក ប៊ុនហុក បានអំពាវនាវខាងលើនេះ រួមមាន៖
ទី១៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឲ្យបានហ្មត់ចត់។ ពិតមែនតែពេលនេះគ្មានវត្តមានគណបក្សចូលរួមក៏ដោយ ប៉ុន្ដែគាត់ជាភាគីពាក់ព័ន្ធមួយក្នុងចំណោមភាគីពាក់ព័ន្ធដទៃទៀត។
ទី២៖ អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្ស។
ទី៣៖ កងយោធពលខេមភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហអព្យាក្រឹត និងត្រូវគោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។
ទី៤៖ ទប់ស្កាត់ឲ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជនគណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
ទី៥៖ គ្រប់ប្រព័ន្ធព័ត៌មានទាំងអស់ត្រូវគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជានិងនីតិវិធី និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងនោះមានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ សម្រាប់ប្រជាពលរដ្ឋ ដែលនឹងចូលរួមបោះឆ្នោតនៅពេលខាងមុខនេះវិញ មានចំនួនជិត៧,៨លាននាក់ ស្មើនឹង ៨១,៣៨% នៃប្រជាពលរដ្ឋដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោតចំនួន ៩,៦លាន៕