FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែឧសភានេះ បានស្នើឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធាននៃអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ រាជធានីភ្នំពេញ ពិនិត្យ និងសិក្សាឡើងវិញចំពោះតម្លៃមូលដ្ឋាន គិតពន្ធអចលនទ្រព្យ នៅតំបន់មួយចំនួនដែលមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ដើម្បីដាក់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងសម្រេច។
ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារប្រមូលពន្ធប្រថាប់ត្រានៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះបានសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែល Fresh News ទើបទទួលបាន។
ក្នុងកិច្ចប្រជុំនោះដែរ លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានរៀបចំប្រព័ន្ធIT សម្រាប់ការគ្រប់គ្រងច្បាស់លាស់អំពីរំហូរឯកសារ ដោយមានចុះកាលបរិច្ឆេទនៃការទទួលឯកសារពីអ្នកជាប់ពន្ធ និងកាលបរិច្ឆេទនៃរំហូរឯកសារគ្រប់ដំណាក់កាលរបស់មន្ត្រីទទួលបន្ទុកពាក់ព័ន្ធ ហើយប្រជាពលរដ្ឋអាចតាមដានឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រារបស់ខ្លួន ថាតើដំណើការដល់ណាហើយ ដោយគ្រាន់តែថតឯកសារ និងលេខបាកូដ (Barcode) រួចបញ្ជូនមករដ្ឋបាលសារពើពន្ធតាមរយៈ WhatsApp ឬ Telegram ឬ Line ដែលមានលេខ ទូរស័ព្ទ 092 031 025 ឬអាចទំនាក់ទំនងតាម រយៈទូរស័ព្ទលេខ (Hotline) 023 884 818 ឬអញ្ជើញមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតដែលមានលេខសម្គាល់បាកូដ ដើម្បីទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធនេះ៕