FN ៖ នៅចំពោះមុខប្រជាពលរដ្ឋឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាល នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឲ្យមានភាពរីកចម្រើន និងផ្ដល់ក្ដីសង្ឃឹមជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទោះក្នុងតម្លៃណាក៏ដោយ។
ថ្លែងបែបនេះនាឱកាសលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសមរលាវ ស្ថិតនៅភូមិសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ពេជ សោភ័ន ថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន នឹងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើងប្រាក់ខែគ្រូបង្រៀនរៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៧ បានដំឡើងប្រាក់ខែជូនគ្រូបង្រៀនយ៉ាងតិច ១លានរៀល ក្នុងមួយខែ និងមិនបានយកពន្ធដីកសិកម្មរបស់ប្រជាកសិករបង្កបង្កើនផលលក្ខណៈគ្រួសារឡើយ»។
លោកបន្តថា រាជរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ខែក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នគរបាល, បន្តដំឡើងប្រាក់ខែអប្បបរមាកម្មករដែលបច្ចុប្បន្ន ១៥៣ដុល្លា ក្នុងឆ្នាំ២០១៧ បូកបន្ថែមប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានជាមធ្យម ពី១៧០ដុល្លារ ដល់១៨១ដុល្លារ ក្នុងមួយខែ ឱ្យកើនលើសពីនេះទៀត។ បន្តផ្តល់ការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាព ជូនដល់កម្មករ និងរៀបចំផ្តល់ប្រាក់សោធននិវត្តជូនកម្មករ។ រៀបចំអនុវត្តការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាពជូនមន្រ្តីរាជការ។ បញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ មានតម្លៃ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែមេសា ឆ្នាំ២០១៧នេះតទៅ។ សម្រាប់អ្នកប្រើប្រាស់អគ្គិសនីក្រោម១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងសហគមន៍ កសិករដែលប្រើប្រាស់អគ្គិសនី សម្រាប់បូមទឹកបង្កបង្កើនផលនៅពេលយប់ តម្លៃអគ្គីសនីត្រឹមតែ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ មិនយកពន្ធលើការផ្ទេរកម្មសិទ្ធដីធ្លីពីឳពុកម្តាយមកកូន។ ធានាឱ្យប្រជាពលរដ្ឋនៅតាមទីជនបទ មានទឹកស្អាតប្រើប្រាស់។ បន្តផ្តល់នូវការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ។ បន្តផ្តល់ថវិកាជួលគ្រូបង្រៀនបំប៉ន៤មុខវិជ្ជា (គណិតវិទ្យា អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគីមិវិទ្យា) ដល់សិស្សថ្នាក់ទី១១ និងទី១២ សម្រាប់ឃុំពោធ៌រំចាក ដើម្បីត្រៀមប្រឡងបាក់ឌុប។ បន្តផ្តល់អាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈ សម្រាប់សិស្សដែលបានប្រឡងបាក់ឌុបជាប់ ដើម្បីទទួលបានចំណេះវិជ្ជាសម្រាប់ប្រើប្រាស់នាពេលអនាគត។
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺ «ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរុញរានៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីប្រទេសជាតិបានស្ថិតស្ថិរគង់វង្ស រីកចម្រើន ក្នុងឯករាជ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងក្រុមការងារបានឧបត្ថម្ភការកសាវត្តសមលាវ ២០លានរៀល, មណ្ឌលសុខភាពកម្ពុជា-ជប៉ុនពោធិ៍រំចាក ២លានរៀល, អ្នកចូលរួមសរុប៧០១នាក់ ក្នុងម្នាក់ៗ ១០,០០០រៀល, លោកយាយលោកតាក្នុងភូមិ៦៥០នាក់ ក្នុងម្នាក់ៗ ៥,០០០រៀល និងក្រណាត់ស១ដុំ, គ្រូបង្រៀនឃុំពោធិ៍រំចាក៧៥នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល និងកាបូបយួរដៃ១ឈុត, សមាជិកគណៈកម្មាធិការគណបក្ស ឃុំ៣៣នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល, បេក្ខជនពេញសិទ្ធិ និងបម្រុងឃុំពោធិ៍រំចាកសរុប១៦នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល, ប្រជាការពារឃុំពោធិ៍រំចាក៦៦នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល, យុវជនឃុំពោធិ៍រំចាក២៥នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល, កម្លាំងនគរបាល១៥នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល។
ចាប់ពីខែមិថុនាទៅ លោកនឹងឧបត្ថម្ភជូនមណ្ឌលសុខភាពកម្ពុជា-ជប៉ុនពោធិ៍រំចាក ១លានរៀលក្នុងមួយខែ និងផ្ដល់ជូនបន្ទប់ទឹក២ និងអណ្តូងស្នប់១ និងតប្រព័ន្ធទឹកដល់វិទ្យាល័យសមរលាវ, អនុវិទ្យាល័យ សុខ អាន សោភណារាម, បឋមសិក្សាសមរលាវ, បឋមសិក្សាសមរមេត្រី, បឋមសិក្សាគោកកញ្ចាប, បឋមសិក្សាសោតណារាម, បឋមសិក្សាពោធិ៍តូច។ សាលាមតេយ្យចំនួន ៤សាលា ផ្ដល់ជូនមួយសាលា ២លានរៀល និងផ្ដល់ជូនអណ្តូងស្នប់ក្នុងភូមិទាំង១១ ក្នុងមួយភូមិចំនួន១អណ្តូង។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួន ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខផងដែរ៕