FN ៖ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិចំនួន៣ នៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ គឺភូមិចន្លក់ ភូមិចន្លក់ក្រៅ និងភូមិជ្រោយតាប៉ាចំនួន៩៥០គ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចង់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់រស់នៅប្រចាំថ្ងៃ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងធ្វើឲ្យមានស្ថេរភាពឲ្យមានសន្តិសុខ ឲ្យសណ្ដាប់ធ្នាប់ ឲ្យសន្តិភាពនៅទូទាំងប្រទេស ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចក្ដីសប្បាយរីករាយ ពេលមានបុណ្យទាន អាចដើរហោះហើរលេងសប្បាយ ទូទាំងប្រទេស គឺមិនព្រួយបារម្ភអ្វីឡើយ»។
លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើង បានសេចក្ដីសុខជាពិសេស ទទួលបានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ បើប្រទេសមានសន្តិភាពហើយនោះ គឺការអភិវឌ្ឍន៍ក៏កាន់តែរីកចំរើនថែមទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសបានរីកចំរើន»។
នៅក្នុងពិធីសំណេះសំណាលក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក សុំឲ្យគណៈពង្រឹងជួយ ដូចជា៖ សុំជួយធ្វើស្ពាន ដើម្បីឆ្លងអូ សុំជួយធ្វើផ្លូវក្នុងភូមិ សុំជួយជួសជុលផ្ទះរបស់ពួកគាត់ ដំបូលទ្រុឌទ្រោម សុំស័ង្កសី សុំជួយតបណ្តាញទឹកស្អាត ប្រើប្រាស់ និងសុំឲ្យអាជ្ញាធរជួយសម្រួលចរាចរណ៍ ពេលសិស្សចេញរឺចូលរៀន ក្មេងតូចសុំកង់ជិះទៅសាលាជាដើម។
រាល់ទុក្ខលំបាកទាំងនេះត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំភូមិធំ និងគគីរ ទទួលយកសំណើទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។
ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារចុះជួយឃុំដីឥដ្ឋ ឃុំភូមិធំ និងឃុំគគីរ ក៏បានផ្តល់អំណោយជាអង្ករ ដល់ប្រជាពលរដ្ឋទាំង៩៥០គ្រួសារ ផងដែរ ហើយក្រុមការងាររបស់លោក បន្តជួយដល់ស្រ្តីឆ្លងទន្លេ ដោយស្ត្រីឆ្លងទន្លេម្នាក់ចំនួន២០ម៉ឺនរៀល៕