FN ៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក វង សូត ក៏បានជំរុញឲ្យមន្រ្តីទាំងអស់ នៅមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពង្រឹងការងាររបស់ខ្លួន ដើម្បីសន្តិភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះខណៈលោក វង សូត បានចូលរួមក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ និងទិសដៅអនុវត្តបន្ត ជាមួយសមាជិក សមាជិកា និងក្រុមការងារនៅតាមមូលដ្ឋាន ជាង៦០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
លោកបានបន្ថែមឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការពង្រីក សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនរស់នៅ យ៉ាងសុខសាន្តព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ។
លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
ជាការកត់សំគាល់ រដ្ឋមន្រ្តី វង សូត និងសមាជិក សមាជិកាប្រចាំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែងចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីជាការពង្រឹងបន្ថែម លើការងារ និងបានពិនិត្យមើលការរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ៕