FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូមួយក្រុម និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA ទៅធ្វើទស្សនកិច្ចនៅសហគមន៍អរកូទេសចរណ៍ អារ៉ែង ដើម្បីណែនាំឲ្យសហគមន៍អេកូទេសចរណ៍ ដែលទើបកើតថ្មីមួយនេះ ឲ្យខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឲ្យស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទៅទស្សនាតំបន់នេះកាន់តែច្រើន។
សកម្មភាពនេះ មានការចូលរួមពីលោក ប៊ុន លឺត អភិបាលខេត្តកោះកុង លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម លោក សូខន ឫទ្ធិគុណ អនុរដ្ឋលេខាក្រសួងបរិស្ថានកញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ព័ន្ធភាពសត្វព្រៃ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ CATA លោកអភិបាលស្រុកថ្មបាំង មេឃុំទាំង៣ រួមជាមួយប្រជាពលរដ្ឋសហគមន៍ ជាង២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង។
លោករដ្ឋមន្ត្រីបានណែនាំឲ្យសហគមន៍អេកូទេសចរណ៍ អារ៉ែង ត្រូវខិតខំអនុវត្តន៍ការងាររបស់ខ្លួនឲ្យបានល្អ ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងអាស៊ាន ចំពោះការខ្វះខាតអគ្គិសនី សេវាទូរស័ព្ទ អ៊ីនធ័រណេត ការគ្រប់គ្រងកែច្នៃកាកសំណល់ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត នឹងសហការដោះស្រាយជាបន្តបន្ទាប់ទៀត។
លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរ ក្នុងឱកាសឆ្នាំថ្មីពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត និងកោតសរសើរចំពោះ កញ្ញា សុវណ្ណា ប្រធានអង្គការសម្ព័ន្ធសត្វព្រៃ ដែលបានសហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ និងស្ថាប័នពាក់ព័ន្ធជួយរៀបចំចងក្រង បង្កើតសហគមន៍អេកូទេសចរណ៍តាមគំរូ សហគមន៍អេកូទេសចរណ៍ ជីផាត នេះឡើង។
លោកបានជម្រាបជូនប្រជាពលរដ្ឋសហគមន៍ អំពីផលប្រយោជន៍នៃសហគមន៍ទេសចរណ៍ ដែលនាំមកដល់ប្រជាជនសហគម៍មូលដ្ឋាន តាមរយៈការចំណាយរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាដំណើរ និងសកម្មភាពទេសចរណ៍មួយ ប្រកបដោយស្មារតីរទទួលខុសត្រូវខ្ពស់ ក្នុងការទស្សនាកម្សាន្តផង និងចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិផង។
លោកក៏បានជម្រាបប្រជាពលរដ្ឋ អំពីតួនាទីរបស់ភាគីទាំង៤ (Public, Partnership, Private, People) ក្នុងការជួយអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍ ដែលមានភាគីសាធារណៈ ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវថ្នល់ ដែលបច្ចុប្បន្ន កំពងស្ថាបនាកសាងដោយកងវិស្វកម្ម នៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ដែលជាប្រតិបត្តិករស្ថាបនា ធ្វើជិតរួចរាល់ហើយ និងការទទួលស្គាល់ផ្លូវច្បាប់ របស់ក្រសួងពាក់ព័ន្ធ ពីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ រួមមានក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដោយឡែក អង្គការសម្ព័ន្ធភាពសត្វព្រៃ គឺជាដៃគូរមួយដ៏ល្អ កំពុងជួយរៀបចំរចនាសម្ព័ន្ធសហគមន៍ ផ្តល់បទពិសោធន៍នានា ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍។
ចំណែកភាគីឯកជន មិនអាចខ្វះបានក៏នឹងជួយផ្សព្វផ្សាយទាក់ទញទេសចរទាំងជាតិ អន្តរជាតិ និងពិចារណាតាមការចាំបាច់នាំមក នូវអ្នកវិនិយោគទុនខ្នាតតូច ដែលមានពិសោធន៍ក្នុងកិច្ចការពារបរិស្ថាន។
រីឯភាគីទី៤ គឺប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវមានការយល់ដឹងច្បាស់លាស់ អំពីអនាម័យ កិច្ចកាពារបរិស្ថាន និងការរៀនសូត្រអំពីជំនាញ វិជា្ជជីវៈទេសចរណ៍ ដូចជា ផ្នែកបដិសណ្ឋារកិច្ច ភាសាទំនាក់ទំនង ផ្ទះស្នាក់ មគ្គទ្ទេសក៍ទេសចរណ៍សហគមន៍ សេវាដឹកជញ្ជូន សេវាម្ហូបអាហារ ដែលការងារនេះ ក្រសួងទេសចរណ៍ នឹងជួយបណ្តុះបណ្តាលបង្ហាត់បង្រៀន។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បាននាំនូវអំណោយ សម្ភារៈ ថវិកា ថ្នាំពេទ្យមួយចំនួន ជូនប្រជាពលរដ្ឋមូលដ្ឋាន កងយោធលពលខេមរភូមិន្ទប្រចាំតំបន់សឹករងស្រុកថ្មបាំង និងបានឧបត្ថម្ភទោចក្រយាន ២០គ្រឿង ដល់សហគមន៍អេកូទសចរណ៍ អារ៉ែង ផងដែរ។
ប្រជាពលរដ្ឋសហគមន៍ បានសម្ដែងការរីករាយឥតឧបមា ហើយប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ អង្គការសម្ព័ន្ធភាពសត្វព្រៃ និងផ្នែកឯកជន អភិវឌ្ឍសហគមន៍អេកូទេសចរណ៍នេះឲ្យបានជោគជ័យ។
សូមជម្រាបថា តំបន់សហគមន៍អេកូទេសចរណ៍ អារ៉ែង ស្ថិតនៅចម្ងាយ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង៨០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ អារ៉ែងសំបូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ ជាង៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ៕