FN ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) បានអនុម័តរួចហើយនៅថវិកា១០០លានដុល្លារ អាមេរិក សម្រាប់គម្រោងពីរនៅកម្ពុជា ដែលគម្រោងទាំងនេះ នឹងជួយលើកកម្ពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទ ឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់ផងដែរ។
មន្ត្រីទំនាក់ទំនងសាធារណៈរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ប៊ូ សារឿន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា ថវិកាដែលធនាគារពិភពលោក ជួយដល់កម្ពុជាចំនួន១០០លានដុល្លារនេះ ជាប្រភេទកម្ចីគ្មានការប្រាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍។
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានដកស្រង់សំដី លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា «យើងសូមស្វាគមន៍ ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះ ស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹង ជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវា និងទីផ្សារនៅតំបន់ជនបទ»។
ធនាគារពិភពលោក បានឲ្យដឹងទៀតថា គម្រោងទី១ ជាគម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យ មានរយៈពេល៥ឆ្នាំ ហើយផ្តោតលើថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេស មានទឹកប្រាក់ប្រមាណ៤០លានដុល្លាអាមេរិក ដែលផ្តល់ដោយសមាគម អភិវឌ្ឍន៍អន្តរជាតិ ជាភ្នាក់ងារមួយរបស់ធនាគារពិភពលោក សម្រាប់ជួយប្រទេសក្រីក្រ។ គម្រោងមានគោលបំណងពង្រឹង ការគ្រប់គ្រងរបស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀន ពិសេសលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា។
គម្រោងក៏នឹងធ្វើឲ្យប្រសើរឡើង នូវគុណភាពសមស្របរបស់នាយកសាលា និងសាលារៀនដោយស្ថាបនាឡើងវិញ នូវអនុវិទ្យាល័យចំនួន១០០ និងសាងសង់ថ្មីចំនួន៣០។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់សិស្សជាង ១៦០០០នាក់ គ្រូជាង ២២០០នាក់ នាយកនិងនាយករងអនុវិទ្យាល័យ៣១០នាក់ និងមន្រ្តីនៃអនុវិទ្យាល័យ ព្រមទាំងមន្រ្តីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ចំនួន១៥០០នាក់។
លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា «ក្នុងរយៈពេលពីរ ទស្សវត្សកន្លងមកនេះ កម្ពុជាបានពង្រីកការទទួលបានការសិក្សានៅបឋម និងអនុវិទ្យាល័យយ៉ាងធំធេង។ គម្រោងនេះនឹង ជួយកម្ពុជា មានលទ្ធភាពថែមទៀតក្នុងការលើកកម្ពស់ការទទួល បានគុណភាពអប់រំនៅអនុវិទ្យាល័យ»។
សម្រាប់គម្រោងទី២ គឺការគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងជួយធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងនៅសហគមន៍ជនបទ ដែលមានថវិកាចំនួន៦០លានដុល្លារអាមេរិក។ ផ្លូវលំបាកធ្វើដំណើរឬមិនអាច ធ្វើដំណើរ វានឹងងាយរងគ្រោះដល់ ការអភិវឌ្ឍសំខាន់ៗ។ គម្រោងនេះនឹងស្ថាបនាឡើងវិញ ផ្លូវជនបទប្រវែង២៥០គ.ម ក្នុងខេត្តចំនួន៦ តាមដងទន្លេមេគង្គ និងទន្លេសាប ហើយវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនប្រមាណ ៣.៥លាននាក់ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល រួមទាំងប្រជាជនដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទាំងនេះ។ គម្រោងនឹងស្ថាបនាផ្លូវដែល អាចធន់នឹងទឹកជំនន់ ដែលអាចបញ្ជៀសការចំណាយខ្ពស់ លើការសាងសង់ដដែលៗ។ ប្រព័ន្ធគ្រប់គ្រងផ្លូវថ្នល់ និងយុទ្ធសាស្រ្តនានានឹងត្រូវពង្រឹង ដើម្បីគាំទ្រដល់កម្ពុជាលើផែនការ ធន់នឹងអាកាសធាតុ ការអនុវត្ត និងការតាមដានផ្លូវជនបទ។
លោកស្រី ដូប្រាចា បានលើកឡើងទៀតថា «ការធ្វើឲ្យប្រសើរឡើងនូវផ្លូវជនបទ គឺជាស្នូលនៃការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ដោយសារថា ប្រជាជន៧៩ភាគរយ និងប្រជាជនក្រីក្រ៩១ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់រស់នៅជនបទ។ ផ្លូវជនបទប្រសើរ និងធន់នឹងឥទ្ធិពលអាកាសធាតុអាក្រក់ នឹងជួយសិស្សបានទៅសាលា គ្រួសារបានទៅមណ្ឌលសុខភាព ហើយកសិករទូទាំងប្រទេស អាចនាំផលិតផលរបស់ខ្លូន ទៅលក់នៅទីផ្សារបាន»។
ធនាគារពិភពលោក បានបញ្ជាក់ទៀតថា គម្រោងទី២នេះ ក៏មានការគាំទ្រជាជំនួយឥតសំណងជា ទឹកប្រាក់ចំនួន១លាន ដុល្លាអាមេរិក ពីមូលនិធិសកលសម្រាប់កាត់បន្ថយ និងស្តារឡើងវិញពីគ្រោះមហន្តរាយ ដែលថវិកានេះនឹងជួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតមធ្យោបាយហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយ និងដាក់បញ្ចូលភាពធន់ នឹងអាកាសធាតុនេះ ទៅក្នុងផែនការវិនិយោគសាធារណៈ៕