FN ៖ លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ទៅកាន់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ថា ក្នុងនាមជាគ្រូពេទ្យ មិនមែនត្រូវ តែមានសមត្ថភាព ជំនាញ មួយមុខនឹងទេ ដើម្បីធានាថា បម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនោះ គឺត្រូវតែមានសីលធម៌វិជ្ជាជីវៈផងដែរ ទើបប្រជាពរដ្ឋ ទទួលបានភាពល្អប្រសើរនេះបាន។
លោកសាស្ដ្រាចារ្យបានថ្លែងបែបនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី២១ និងថែទាំវេជ្ជសាស្រ្តលើកទី៨ រយៈពេល២ថ្ងៃ(ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧) នាមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៦ខែមេសានេះ ។
លោកសាស្ដ្រចារ្យបន្ថែមថា ក្នុងនាមជាគ្រូពេទ្យដឹងហើយថា គ្រោះថ្នាក់ដោយការបង្កររោគ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលនាំឲ្យអត្រាមរណៈខ្ពស់ ។ ដូច្នេះការរៀបចំទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស នឹងគុណធម៌ គឺនាំមកនូវការកាត់បន្ថយអត្រាមរណៈភាព និងការបង្កររោគ និងការបង្ការរោគនៅក្នុងមនី្ទរពេទ្យផ្ទាល់តែម្តង។ ដូច្នេះ សូមអំពាវនាវដល់មន្រី្តរាជការសុខាភិបាលទាំងអស់ គឺពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ឲ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ និងមិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត ដែលថា «គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ» ។
លោកសាស្ដ្រចារ្យបន្ថែមទៀតថា សង្ឃឹមថា ឆ្លងតាមទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តរយៈពេល២ថ្ងៃនេះ នឹងទទួលបាននូវបទពិសោធន៍ល្អ ដើម្បីយកទៅអនុវត្តតាមអង្គភាពរៀងៗខ្លួន ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនឹងនោះផងដែរ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែង ជារៀងរាល់ ឆ្នាំមនី្ទរពេទ្យ តែងតែរៀបចំទិវានេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍យោបល់ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ និងពង្រឹងលើកស្ទួយបច្ចេកទេសជាប់ជាប្រចាំ ដើម្បីឲ្យការផ្តល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៕