FN ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប។
ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មការអន្រក្រសួងដើម្បីរៀបចំសន្នុិសិទ លោកទិត ចន្ថា រដ្ឋលេខាការធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសិទ្ធអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបិតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលនិឹងមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ក្នុងក្របខណ្ឌ ACD ដែលមានជាង៣០ប្រទេស។
លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្ររសិល្បបានឯកភាពគ្នារើសយកក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត ដែលយើងចាត់ទុកថា ជាទីក្រុងបេតិកភណ្ឌសំខាន់ៗដែលជាគោលដៅទេសចរណ៍បិិកភណ្ឌលំដាប់ទី២ (secondary tourist destination)បន្ទាប់ពីក្រុងសៀមរាបនោះ ដើម្បីស្នើដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌិពិភពលោក របស់អង្គការយូណេស្កូ ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ និងផ្សព្វផ្សាយទៅសកលលោកថា ទីក្រុងទាំង៣នេះ ជាទីក្រុងបេតិកភណ្ឌពិភពលោក សំដៅទាក់ទាញទេសចរ និងអ្នកវិនិយោគនានា ឲ្យចូលរួមអភិរក្សនិងអភិវឌ្ឍទីក្រុងទាំងនោះ»។
លោករដ្ឋលេខាធិការបន្តថា កម្ពុជានឹងយកឱកាសក្នុងកិច្ចប្រជុំអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) នេះ ធ្វើសន្និសីទមួយ ស្ដីពីទេសចរណ៍និងទីក្រុងបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយទៅអន្តរជាតិថា ទីក្រុងបេតិកភណ្ឌរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជំរុញឲ្យទីក្រុងទាំងនោះ ក្លាយជាទីក្រុងដែលមានការយកចិត្តទុកដាក់ខ្ពស់។
កាតាលីករពិសេស ដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជា សើ្នសុំបញ្ចូលក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពតនេះ ដាក់ជាទីក្រុងបេតិកភណ្ឌពិភពលោកនេះ ដោយសារទីក្រុងទាំងនេះ សម្បូរទៅដោយសំណង់អគារ និងផ្ទះបុរាណៗជាច្រើន ពិសេសសម័យអាណានិគមនិយមបារាំង និងសម្បត្តិបេតិកភណ្ឌចំណាស់ៗ ដ៏សន្ធឹកសន្ធាប់ទៀត ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងទាមទារឲ្យមានការថែរក្សាអភិរក្សជាចាំបាច់។
សូមជម្រាបថា សំណុំបែបបទ និងសំណុំឯកសារពាក់ព័ន្ធនានា ត្រូវបានក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត រៀបចំទុកមុនរួចជាស្រេចហើយ រងចាំកិច្ចប្រជុំនៅខេត្តសៀមរាប នាពេលខាងមុខនោះមកដល់ ភាគីកម្ពុជានឹងដាក់ពិភាក្សាជាមួយបណ្ដាប្រទេស ក្នុងក្របខណ្ឌ ACD និងសម្រេចលទ្ធផលតែម្ដង៕