FN ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។
លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖
១៖ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ
២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ
៣៖ ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ
៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ
៥៖ ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ
៦៖ រយៈពេល៣ខែ ឈប់សម្រាកមាតុភាពទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប ១២០%។
សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យចំនួន ១៦កន្លែង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មណ្ឌលសុខភាពក្រុងព្រះសីហនុ, មណ្ឌលសុខភាពសង្កាត់១, មណ្ឌលសុខភាពវាលរេញ, មណ្ឌលសុខភាពអណ្តូងថ្ម, មណ្ឌលសុខភាពទឹកល្អក់, មណ្ឌលសុខភាពទួលទទឹង, មណ្ឌលសុខភាពស្ទឹងហាវ, មណ្ឌលសុខភាព ហ៊ុន សែន កែវផុស, មណ្ឌលសុខភាពជើងគោ, មណ្ឌលសុខភាពអូរឧកញ៉ាហេង, មណ្ឌលសុខភាពអូរជ្រៅ, មណ្ឌលសុខភាពអូរតាសេក, មណ្ឌលសុខភាពតក្កវិទ,មណ្ឌលសុខភាពរាម, មណ្ឌលសុខភាពព្រៃនប់។
នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ គ្រោងនឹងដាក់ឱ្យដំណើរការ នូវរបបសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត។ ផ្អែកតាមច្បាប់សន្តិសុខសង្គម កម្មករនិយោជិតដែលកំពុងបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រកាត់ដេរ នឹងទទួលបានប្រាក់ខែចូលនិវត្តន៍ នៅពេលដែលពួកគាត់មានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ៕