អនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ រយៈពេល៣ថ្ងៃ

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមជម្រើសណាមួយ ដូចខាងក្រោម៖ *ទី១៖ អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកដោយ ផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត…

យុទ្ធនាការចាក់វ៉ាក់សាំងជូនមនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ

FN ៖ យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ជូនដល់ប្រជាពលរដ្ឋចំណាស់ វ័យ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ វេលាម៉ោង៨៖០០នាទីព្រឹក នៅ១៤ទីតាំង ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយរងគ្រោះខ្ពស់ ហើយបើមានការចម្លងជំងឺកូវីដ-១៩ គឺងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានអត្រាស្លាប់ខ្ពស់។ គណៈកម្មការចំពោះកិច្ចបានបញ្ជាក់បន្ថែមថា ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឱ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់បំផុត ដែលអាចធ្វើបាន៕

បញ្ជាឱ្យបិទកាស៉ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន

FN ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។ ក្នុងលិខិតរបស់អភិបាលខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖ ១៖ បិទជាបណ្តោះអាសន្ននូវការស៉ីណូចំនួន ៦កន្លែង រួមមាន៖ កាស៉ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៉ីណូប៊ីន កាស៉ីណូក្រោន កាស៉ីណូហ្គេន កាស៉ីណូកាឡាក់ស៊ី និងកាស៉ីណូយុងយ័ន។ ២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕