លុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចលុបចោលបំរាមហាមឃាត់ ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌា ចូលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។ ការលុបចោលបំរាមនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណៈរដ្ឋឥណ្ឌា។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕

មិនគិតថ្លៃសម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ

FN ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ

FN ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ខណៈរយៈពេល៧ខែ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហានេះ។ សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។ ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញ លើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។ សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន…