FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន៣៣,២៣១នាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភានេះ បានបញ្ជាក់ថា ការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនេះ ធ្វើឡើងស្របតាមស្មារតី នៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ឱ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភតាមសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់សេវាបន្ថែមណាមួយ ទៅភ្នាក់ងារវីងនោះឡើយ។ តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ធនាគារឯកទេសវីងនឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលបងប្អូនកម្មករធ្លាប់ បានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមកជាបន្ថែមទៀត។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាលនឹងបើកជូនកម្មករក្នុងជុំទី១នេះមានប្រមាណ ៦៨៤,២៩៥ដុល្លារ។ កម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន ៨៣រោងចក្រ និងមកពីសណ្ឋាគារ ភោជនីយដ្ឋានចំនួន២៨។…