កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ
FN ៖ នៅរយៈពេល៣ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅរយៈពេល៣ខែ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៣៦៦៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៥១.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៣ខែឆ្នាំនេះ ទទួលបានចំនួន១៧,៩១៩,៩៣១ដុល្លារ ធ្លាក់ចុះ៥០.១៦ភាគរយ។ សម្រាប់ប្រាក់ចំណូលជិត១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៦ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សូមជម្រាបថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖ ១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ ២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ ៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥…