កម្ពុជានឹងមានរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៨
FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង បាននិងកំពុងសាងសង់ផ្លូវរថភ្លើងមួយខ្សែ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា ផ្លូវរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងនៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងខែមេសា ឆ្នាំ២០១៨។ បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកំពុងជួបបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។ លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «គំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការគាំទ្រពីសំ ណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺឲ្យមានការតភ្ជាប់ផ្លូវរទេះភ្លើងពីស្ថានីយក្នុងរាជធានីភ្នំពេញ មកព្រលានយន្តហោះរបស់យើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ អ្នកធ្វើដំណើរខ្លះមកព្រលានយន្តហោះមិនទាន់ ដោយសារកកស្ទះចរាចរណ៍តាមផ្លូវ ក៏ហួសជើងហោះហើរ។ ដូច្នេះក្រសួងក៏បានធ្វើការសិក្សាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយព្រលានយន្តហោះ ដើម្បីតភ្ជាប់ផ្លូវរទេះភ្លើងធន់ស្រាលចេញពីព្រលានយន្តហោះមកភ្នំពេញ និងពីភ្នំពេញ ទៅព្រលានយន្តហោះ»។ បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាននិងកំពុងសាងសង់ផ្លូវដែកតភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ស្ថិតនៅខាងក្រោយវត្តតាំងក្រសាំងខាងត្បូង ក្នុងភូមិចំការឪឡឹក…