រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា រដ្ឋាភិបាលកម្ពុជា មិនបានបិទវិទ្យុ RFA និង VOA នោះទេ, វិទ្យុទាំងនេះ នៅតែអាចផ្សាយបាននៅកម្ពុជា
FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។ ពាក់ព័ន្ធនឹងករណីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើកុំឱ្យសាធារណជន យល់ច្រឡំតទៅទៀត។ ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា តទៅទៀត។ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ។ គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន»។…